(ម៉ូស៊ុល)៖ រថយន្តសម្រាប់​ការប្រយុទ្ធគ្នារាប់សិបគ្រឿង ដែលត្រូវបានកែច្នៃ​ដោយក្រុម​ភេរវករ ISIS ចេញពីរថយន្ត​ធម្មតាៗនោះ ត្រូវ​រឹប​អូសបាន​ដោយកងកម្លាំងរដ្ឋាភិបាល​អ៊ីរ៉ាក់ ហើយកំពុង​ដាក់តាំងបង្ហាញ​ឲ្យគ្រប់គ្នា​បានឃើញ នៅក្នុងទីក្រុងម៉ូស៊ុល មុនពេលដែល​ពួកវា​​នឹងត្រូវបានកម្ទេចចោល។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែកក្កដា ឆ្នាំ២០១៧។

កងទ័ព និងប៉ូលិសនៃប្រទេសអ៊ីរ៉ាក់​បានរក​ឃើញ និងរឹបអូសរថយន្ត​សម្រាប់ការប្រយុទ្ធ​ជាច្រើនគ្រឿង ដែលត្រូវបានប្រើប្រាស់​ដោយ​ក្រុម​រដ្ឋអ៊ីស្លាម ISIS ក្នុងអំឡុង​នៃការកាប់កាន់របស់​ខ្លួនលើទីក្រុង​ម៉ូស៊ុល ខណៈទីក្រុងដ៏​ធំទីពីររបស់​អ៊ីរ៉ាក់នេះ ត្រូវ​​រដ្ឋាភិបាល​​អ៊ីរ៉ាក់វាយ​រំដោះ​បានទាំងស្រុង​ ពីកណ្តាប់ដៃរបស់ក្រុម​ភេរវករនេះ កាលពីប៉ុន្មាន​ថ្ងៃមុន។

គួរបញ្ជាក់ថា កងកម្លាំងអ៊ីរ៉ាក់​បានបង្កើតជាការតាំងបង្ហាញមួយ នៃរថយន្តពាសដែក​កែច្នៃ​ទាំងអស់នេះ ដែលមនុស្សមួយចំនួនបានយល់ឃើញថា​ ស្រដៀងទៅនឹងរថយន្ត​នៅក្នុងខ្សែភាពយន្ត​ហូលីវូដ Mad Max អ៊ីចឹង។ ដោយឡែក​បន្ទាប់ពីនេះ​រថយន្តសរុបទាំង ២៣គ្រឿង នឹងត្រូវ​បំផ្លាញចោល៕