(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលអេមីរ៉ាត់អារ៉ាប់រួម គឺអ្នករៀបចំគំរោង​ឱ្យបណ្ដាញ​ទំនាក់ទំនង​សង្គម និងគេហទំព័រ​ព័ត៌មាន​របស់រដ្ឋាភិបាល​កាតា ត្រូវបានគេ Hack កាលពីចុង​ខែឧសភា​កន្លងទៅ ដើម្បីបង្ហោះ​សម្រង់សម្ដីខុស​របស់​ព្រះមហាក្សត្រ​កាតា ដែលជាដើម​ចម​បង្កឱ្យបណ្ដា​ប្រទេសអារ៉ាប់​ផ្សេងទៀត​ នាំគ្នា​កាត់ផ្ដាច់​នាក់ទំនង​ការទូតជា​មួយកាតា។ នេះបើតាម​ក្រុមមន្ត្រី​ចារកិច្ច​អាមេរិក ដកស្រង់​ដោយ​សារព័ត៌មាន Washington Post នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែកក្កដា ឆ្នាំ២០១៧។

ជម្លោះ​ការទូត​នៅអារ៉ាប់ កើតឡើង​បន្ទាប់ពី​ព្រះមហាក្សត្រ​កាតា Sheikh Tamim bin Hamad al-Thani ត្រូវបានសារព័ត៌មាន​កាតាស្រង់សម្ដី​ចុះផ្សាយ​កាលពី​ខែឧសភា ដោយមាន​ខ្លឹមសារ​គាំទ្រក្រុម​ហាម៉ាស់ និងថា​អ៊ីរ៉ង់ជាប្រទេស​អ៊ីស្លាមដ៏ខ្លាំងក្លា។ ជាការឆ្លើយតប អារ៉ាប៊ីសាអូឌីត អេមីរ៉ាត់អារ៉ាប់រួម អេហ្ស៊ីប និងបារ៉ែន បានកាត់ផ្ដាច់ទំនាក់ទំនង​ការទូតជាមួយកាតា កាលពី​ថ្ងៃទី០៥ ខែមិថុនា ដោយចោទប្រកាន់​ទីក្រុងដូហា​ថា បានគាំទ្រ​ក្រុមភេរវករ បើទោះជាកាតា​បដិសេធ​ជាច្រើនដង ព្រមទំាង​អះអាងថា សម្រង់សម្ដីនោះ​ជារឿងមិនពិត ត្បិតសារព័ត៌មាន​ខ្លួន​ត្រូវបានគេ Hack​ ក៏ដោយ។

ដោយឡែក​បើតាម Washington ក្រុមមន្ត្រី​ចារកិច្ច​អាមេរិក បានពិនិត្យ​លើការវិភាគ​លើព័ត៌មាន​ថ្មីមួយចំនួន បង្ហាញថា មន្ត្រីជាន់ខ្ពស់​អេមីរ៉ាត់អារ៉ាប់រួម បានពិភាក្សា​ពីគំរោង Hack​ កាលពីថ្ងៃ​ទី២៣ ខែឧសភា។ ទោះបីយ៉ាងណា ក្រុមមន្ត្រី​ចារកិច្ច​អាមេរិក​មិនប្រាកដនោះទេថា រដ្ឋាភិបាល​អេមីរ៉ាត់អារ៉ាប់រួម គឺជាអ្នក Hack​ ឬក៏​​ចំណាយ​ប្រាក់ឱ្យ អ្នក​ដទៃ Hack គេហទំព័រ​សារព័ត៌មាន​កាតា​ ខណៈ Washington Post ក៏មិនបានបញ្ជាក់​អត្តសញ្ញាណ​ក្រុមមន្រ្តី​អាមេរិកទាំង​នេះ​ឡើយ រីឯស្ថានទូត​អេមីរ៉ាត់អារ៉ាប់​រួមប្រចំា​សហរដ្ឋអាមេរិក បានចេញមុខបដិសេធនឹងសេចក្ដីរាយការណ៍របស់ Washington Post​ ហើយថាវាគឺរឿងមិនពិត។

គួរបញ្ជាក់ថា ក្រសួងការបរទេសអាមេរិក ក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីនោះដែរ​តែគេដឹងថា ការិយាល័យស៊ើបអង្កេត​សហព័ន្ធ FBI កំពុងធ្វើការងារជា​មួយដូហា ដើម្បីបញ្ជាក់ពីការ​ចូល Hack គេហទំព័រព័ត៌មានកាតា៕