(វ៉ាស៊ីនតោន)៖ គេហទំព័រ Wikileaks ជាថ្មីម្ដងទៀត បានអះអាងថាខ្លួនបានរកឃើញបច្ចេកវិទ្យាលួចស្ដាប់ ថ្មីមួយផ្សេងទៀត របស់ទីភ្នាក់ងារចារកិច្ចអាមេរិក CIA។ បច្ចេកវិទ្យាថ្មីនេះមាន ឈ្មោះថា «Highrise​» ដែលត្រូវបានដាក់ឱ្យដំណើរការក្រោមទម្រង់ជាកម្មវិធីសម្រាប់ទូរសព្ទដៃស្មាតហ្វូនប្រភេទ Android​ ក្នុងគោលបំណងចូលអានសារ SMS ឬក៏បង្វែរការផ្ញើសាររបស់ អ្នកប្រើប្រាស់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃអាទិត្យ ទី១៦ ខែកក្កដា ឆ្នាំ២០១៧។

យោងតាម Wikileaks តាមរយៈកម្មវិធី Highrise 2.0 CIA មានសមត្ថភាពអានសារ​ចេញ ឬចូល និងអាចបង្វែរសាររបស់អ្នកប្រើប្រាស់ ហើយកម្មវិធីនេះទៀតសោត ត្រូវបានបង្កើតឡើង សម្រាប់ទូរសព្ទដៃស្មាតហ្វូនប្រភេទ Android ដែលមាន Version​ 4.0 រហូតដល់ 4.4​។ បើនិយាយឱ្យងាយស្ដាប់ នៅពេលយើងទាញយកកម្មវិធី Highri​se​ មកតម្លើងលើទូរសព្ទដៃ នោះ នៅពេលប្រើដំបូងយើងអាចបញ្ជាវាបាន ប៉ុន្តែពេលបើកវាជាលើកទី០២ នោះវានឹងចាប់ដំណើរការជាសម្ងាត់ដោយខ្លួនឯង ពោលគឺបន្ទាប់មក កម្មវិធីនេះនឹងបង្ហាញនៅលើអេក្រង់ទូរសព្ទដៃ ក្រោមឈ្មោះមួយទៀតថា «TideCheck​»។ ចំណែកឯ ពាក្យសម្ងាត់ ឬ Password ដើម្បីតម្លើងកម្មវិធីនេះ​ត្រូវបានគេប្រើជាភាសាអារ៉ាប់ «Insallah» ឬក៏មានន័យថា«បើសិនជាព្រះជាម្ចាស់ ចង់បាន»​។

គួរបញ្ជាក់ថា គិតចាប់តាំងពីខែមីនា ឆ្នាំ២០១៦មក គេហទំព័រ Wikileaks របស់​លោក Julian Assange បានទម្លាយឯកសារសម្ងាត់ជាច្រើនក្រោមឈ្មោះថា «Vault7​» ដែលនិយាយអំពី សមត្ថភាព Hack និងលួចស្ដាប់នៃទីភ្នាក់ងារចារកិច្ចអាមេរិក CIA ក្នុងនោះរួមមានទំាងការ Hack ពាក្យសម្ងាត់ ឬ Password​ របស់ឧបរណ៍អេឡិចត្រូនិច ក៏ដូចជាការលួចទិន្នន័យនៅលើ បណ្ដាញទំនាក់ទំនងសង្គម៕​