(កាប៊ុល)៖ មេដឹកនាំជាន់ខ្ពស់​មួយរូបរបស់ក្រុម​សកម្មប្រយុទ្ធ ISIS បានស្លាប់បាត់ហើយ បន្ទាប់ពីការ​វាយប្រហារតាម​ផ្លូវអាកាស​​របស់​សហរដ្ឋអាមេរិក នៅក្នុងខេត្ត Kunar ភាគខាងកើត​នៃប្រទេស​អាហ្វហ្គានីស្ថាន។ នេះបើតាម​សេចក្តីថ្លែងការណ៍​របស់​កងទ័ពអាមេរិក ប្រចាំនៅ​អាហ្វហ្គានីស្ថាន ដកស្រង់​ដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃសៅរ៍ ទី១៥ ខែកក្កដា ឆ្នាំ២០១៧។

មេបញ្ជាការ​បេសកកម្ម Resolute Support ដែលដឹកនាំ​ដោយអង្គការ NATO លោកមេទ័ព Nicholson បាន​ឲ្យ​ដឹង​នៅ​ក្នុង​​សេចក្តី​ថ្លែង​ការណ៍​​មួយ​ថា «កងកម្លាំងយោធា​អាមេរិកនៅ​អាហ្វហ្គានីស្ថាន បានបញ្ជាក់​ទទួលស្គាល់ថា បុគ្គល Abu Sayed ដែលជាមេដឹកនាំ​ជាន់​ខ្ពស់​មួយរូប​របស់ពួក ISIS ត្រូវបានកម្ចាត់ចោល​នៅក្នុងប្រតិបត្តិការ​ទម្លាក់គ្រាប់បែក​មួយ ធ្វើឡើងទៅលើ​ទីស្នាក់ការ​របស់ក្រុមសកម្ម​ប្រយុទ្ធនេះ​នៅក្នុងខេត្ត Kunar ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧នេះ»។

គួរបញ្ជាក់ថា ក្រុម​សកម្មប្រយុទ្ធ ISIS រាប់រយនាក់ រួមទាំងមេដឹកនាំ​ជាន់ខ្ពស់បីរូប​របស់ពួកគេ បានបាត់​បង់ជីវិត​ទៅជាមួយគ្នា ក្នុងអំឡុង​​នៃប្រតិបត្តិការ​យោធា​របស់កងទ័ព​អាហ្វហ្គានីស្ថាន និងអង្គការ NATO ក្នុងពេលប៉ុន្មាន​ឆ្នាំកន្លងទៅនេះ៕