(អាមេរិក)៖ មនុស្សយ៉ាង​តិចបីនាក់បាន​បាត់បង់ជីវិត និងបីនាក់ទៀត​បានទទួលរបួស នៅក្នុងគ្រោះអគ្គីភ័យ​ដ៏ធំមួយ ដែលបានឆាបឆេះ​​ឡើងក្នុងអគារ​ខុនដូ​កម្ពស់ ៣៦ជាន់ មួយកន្លែង​ដែលស្ថិតនៅ​ទីក្រុង Honolulu នៃរដ្ឋហាវ៉ៃ​របស់​សហរដ្ឋអាមេរិក។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀល​ថ្ងៃសៅរ៍ ទី១៥ ខែកក្កដា ឆ្នាំ២០១៧។

យោងតាមសេចក្តី​រាយការណ៍​របស់បណ្តា​ប្រព័ន្ធផ្សព្វផ្សាយ​របស់​សហរដ្ឋអាមេរិក គ្រោះអគ្គីភ័យ​នេះ​បានកើតឡើង នៅ​ជាន់​ទី​​២៦​ នៃ​អគារ​ខុន​ដូ​មាន​ឈ្មោះ​ថា Marco Polo មានផ្ទុកលំនៅឋាន​ចំនួន ៥៦៨ខុនដូ នៅជាប់ដងវិថី Kapiolani ក្នុង​ទីក្រុង​​ហូ​ណូ​លូ​លូ កាល​ពី​វេលា​​ព្រឹក​​ថ្ងៃ​សៅរ៍​នេះ ​ហើយ​ក្រោយ​​​មក​​អណ្តាត​ភ្លើង​ដ៏បានឆាបឆេះ​ឡើង រីករាលដាល់ដល់​ជាន់ដទៃៗ​ទៀត។

គួរបញ្ជាក់ថា បើតាមប្រធាន​នាយកដ្ឋានពន្លត់​អគ្គីភ័យ​ប្រចាំទីក្រុង Honolulu តួលេខ​នៃមនុស្សស្លាប់​អាចនឹងប្រែប្រួល​បន្តទៀត ដោយ​សារតែ​មនុស្សមួយ​ចំនួនត្រូវ​បានគេ​ជឿជាក់ថា នៅជាប់ក្នុង​អគារកើតហេតុ​នៅឡើយទេ ស្របពេល​ដែលក្រុមភ្នាក់​ងារ​ពន្លត់អគ្គីភ័យ​ជាង ១០០នាក់ បានឆ្លើយតប​ចំពោះគ្រោះអគ្គីភ័យ​នេះ៕