(អាមេរិក)៖ បន្ទាប់ពី​អង្គការ NASA បានសារភាពថា ខ្លួនពុំអាចកំណត់​កាលបរិច្ឆេទលើ​ការចេញ​បេសកកម្ម​បញ្ជូនមនុស្សទៅ​កាន់ភព​អង្គារ (Mars) ដោយសារ​បញ្ហាផ្នែក​ហិរញ្ញវត្ថុនោះ បណ្តាក្រុមហ៊ុន​ពាណិជ្ជកម្ម​ទីអវកាស​មួយចំនួន បានចេញ​មុខទទូចឲ្យ​សភាអាមេរិក​ពង្រីកភាព​ជាដៃគូ​សាធារណ-ឯកជន​ដ៏ជោគជ័យ របស់ទីភ្នាក់ងារ​អវកាស​អាមេរិកនេះ សម្រាប់ការដឹក​ជញ្ជូនទៅមក នៅឯស្ថានីយ៍​​អវ​កាស​​អន្តរ​​ជាតិ (ISS) ដល់កម្មវិធី​ដទៃៗ​ទៀត​នាពេលអនាគត​ខាងមុខ រួមបញ្ចូល​ទាំងបេសកកម្ម​បញ្ជូនក្រុម​អវកាស​យានិក ទៅកាន់​ Mars ផងដែរ។ នេះបើតាម​ការចេញផ្សាយ​ដោយ​ វែបសាយ​វិទ្យាសាស្រ្ត Space.com នៅព្រឹក​ថ្ងៃសៅរ៍ ទី១៥ ខែកក្កដា ឆ្នាំ២០១៧។

នាពេលបច្ចុប្បន្ន​ទីភ្នាក់ងារអវកាស NASA កំពុងតែសហការ​ជាមួយក្រុមហ៊ុន​ឯកជនអវកាសចំនួន ០៦ផ្សេងទៀត ដើម្បីរួមគ្នាអភិវឌ្ឍន៍​​ប្រព័ន្ធ​គំរូមួយ ដែលនឹងជួយ​បង្កើន​សមត្ថភាព​នៃយាន​អវកាស Orion និងគ្រាប់រ៉ុក្កែត​មានតម្លៃរាប់ពាន់​លានដុល្លាររបស់ NASA។ អង្គ​ការ NASA បានឲ្យដឹងថា ខ្លួនមាន​បំណងប្រើប្រាស់​ប្រព័ន្ធនេះ ដើម្បីបញ្ជូន​ក្រុមអវកាសយានិក​ទៅកាន់ភពព្រះ​អង្គារ នៅក្នុងខ្ទង់ទស​វត្សរ៍​ឆ្នាំ២០៣០។

ដោយឡែកនា​សប្តាហ៍នេះ NASA បានលាតត្រដាង​ឲ្យដឹងថា ខ្លួនទំនងជា​មិនអាចបញ្ជូន​មនុស្សទៅភពអង្គារ តាមកាលកំណត់​បានទេ ព្រោះតែកំពុង​ខ្វះខាត​​ហិរញ្ញវត្ថុ។ ជុំវិញរឿងនេះ​អគ្គនាយករង​របស់ក្រុមហ៊ុន​អវកាស​ដ៏ល្បី​របស់​សហរដ្ឋអាមេរិក SpaceX លោក Tim Hughes បានថ្លែង​ប្រាប់គណៈកម្មាធិការ​រងនៃព្រឹទ្ធសភា​អាមេរិក ទទួលបន្ទុក​ការប្រកួតប្រជែង​ផ្នែកវិទ្យាសាស្រ្ត និងអវកាសថា «ការ​វិនិ​យោគ​បន្ថែមទៅក្នុង​ក្រុមហ៊ុន​អវកាសឯកជន អាចជួយបង្កើនល្បឿន​នៃកិច្ចផ្តួចផ្តើមនេះ ហើយកាត់បន្ថយ​ការ​ចំណាយនៃគម្រោង​នេះ​ក្នុងបរិមាណ​គួរឲ្យកត់​សម្គាល់បាន»

យ៉ាងណាមិញ ប្រធានបេសកកម្ម​​បញ្ជូនមនុស្ស​ ធ្វើ​ដំណើរក្នុង​​លំហអវកាស លោក Willianm H. Gerstenmaier នៃទីភ្នាក់ងារ​​អវកាស NASA បានឲ្យតំរុយថា NASA ប្រហែល​ជា​អាចងាកទៅផ្តោត​​សំខាន់លើ​ការវិលត្រឡប់​ទៅ​កាន់ឋានព្រះច័ន្ទ​វិញក៏ថាបាន៕