(ប៉េកាំង)៖ អាជ្ញាធរឧតុនិយម​ចិននាថ្ងៃសៅរ៍នេះ បានចេញសេចក្តី​ប្រកាសឲ្យបង្កើនការប្រុងប្រយ័ត្ន​មួយក្នុងកម្រិត «ពណ៌ខៀវ» ដែល​ជា​កម្រិត​​ទាប​បំផុត​​​ នៅក្នុង​ប្រព័ន្ធប្រកាសអាសន្នមានបួនថ្នាក់​របស់ប្រទេសចិន សម្រាប់ការបន្តធ្លាក់​ភ្លៀងយ៉ាង​ជោគជាំ នៅតាមតំបន់​ភាគខាង​កើត និងភាគខាងត្បូង​នៃផ្ទៃ​ប្រទេស។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃសៅរ៍ ទី១៥ ខែកក្កដា ឆ្នាំ២០១៧។

មជ្ឈមណ្ឌល​ឧតុនិយមជាតិចិន​បានឲ្យដឹងថា ចាប់ពីថ្ងៃសៅរ៍នេះ​ដល់ថ្ងៃ​អាទិត្យស្អែក ការធ្លាក់ភ្លៀង​ខ្លាំងត្រូវបាន​គេរំពឹងថា នឹងកើត​មានឡើង​នៅក្នុងតំបន់ជាច្រើន​តាមបណ្តោយ​ទន្លេលឿង និងទន្លេ Huaihe រួមទាំងផ្នែក​ដទៃទៀត​នៃខេត្ត Guangdong ក៏ដូច​ជាខេត្ត Hainan។ ជាងនេះទៅទៀត ខេត្ត Anhui, Shandong, Jiangsu, និង Haina ប្រហែលជា​ទទួលការធ្លាក់ភ្លៀង​ក្នុងកម្រិត​កម្ពស់ ​១៤០​មីលី​ម៉ែត្រ ក្នុងរយៈពេល ២៤ម៉ោង។

មជ្ឈមណ្ឌលខាងលើ​បានក្រើនរំលឹក​ឲ្យអាជ្ញាធរ​ក្នុងតំបន់​ទាំងអស់ គួរតែចាត់វិធានការ​ដើម្បីទប់ទល់​ប្រឆាំង​នឹងព្យុះភ្លៀង, កាត់ផ្តាច់​​ចរន្តផ្គត់ផ្គង់​អគ្គិសនីដែលនៅ​ក្រៅកណ្តាលវាល ក្នុងតំបន់គ្រោះ​ថ្នាក់នានា ហើយបង្ការគ្រោះ​មហន្តរាយផ្សេងៗ រួមមានទឹកជំនន់ និង​ការ​​រអិលបាក់ដី​ជាដើម ខណៈមនុស្ស​ជាច្រើននាក់​មកហើយ​បានបាត់បង់ជីវិត ដោយសារ​ព្យុះភ្លៀង​នៅក្នុង​ប្រទេសចិន ក្នុងអំឡុង​ពេល​ថ្មី​ៗ​នេះ។

គួរបញ្ជាក់ថា ប្រទេសចិន​មានប្រព័ន្ធប្រកាស​អាសន្នផ្នែក​អាកាសធាតុ​សម្រាប់ការធ្លាក់​ភ្លៀងខ្លាំង ចំនួន ០៤ថ្នាក់ដោយប្រើប្រាស់​ពណ៌​សម្គាល់ ខណៈក្នុងចំណោម​នោះពណ៌ក្រហម​មានន័យថាធ្ងន់ធ្ងរ​ជាងគេបំផុត ហើយបន្ទាប់​មកពីពណ៌​ទឹកក្រូច, លឿង, និងខៀវ៕