(ប៉េកាំង)៖ បន្ទាប់ពីយន្តហោះ​ទម្លាក់គ្រាប់បែក​ចិនចំនួន ០៦គ្រឿង បានធ្វើការហោះហើរ​នៅលើ​ច្រកសមុទ្រ Miyako ដែលនៅចន្លោះ​​កោះភាគខាងត្បូង​ចំនួនពីររបស់ប្រទេសជប៉ុន នៅក្នុងការហ្វឹកហ្វឺន​ផ្នែកយោធាមួយនោះ ក្រសួងការពារជាតិ​ចិន បានប្រាប់ទៅកាន់​​ភាគី​ជប៉ុនថា ពួកគេយល់​ល្អគួរតែទម្លាប់ខ្លួន​ឲ្យហើយទៅ នឹងការធ្វើលំហាត់​យោធា​របស់ទីក្រុង​ប៉េកាំង នៅចុងទឹកដី​របស់ពួកគេ។ នេះបើតាមការចេញផ្សាយដោយ​សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃសៅរ៍ ទី១៥ ខែកក្កដា ឆ្នាំ២០១៧។

យន្តហោះទម្លាក់​គ្រាប់ធុន Xian H-6K បានធ្វើការហោះហើរ​នៅលើច្រកសមុទ្រ ដែលកាន់​ចែកកោះ Miyako និង Okinawa របស់ជប៉ុន​។ ជាការឆ្លើយតប​ទីក្រុងតូក្យូ​ក៏បានបញ្ជូនយន្តហោះ​ចម្បាំងរបស់ខ្លួន ហើយសម្តែង​ការតវ៉ាចំពោះ​យន្តហោះ​ទម្លាក់គ្រាប់បែក​របស់ចិន ដែលស្ថិតនៅ​ចម្ងាយតែប៉ុន្មាន​គីឡូម៉ែត្រប៉ុណ្ណោះ ពីកោះយុទ្ធសាស្រ្ត​ដ៏សំខាន់ Okinawa ក៏ប៉ុន្តែទីក្រុង​ប៉េកាំង​បានគូសបញ្ជាក់ថា ពួកគេ​មិនបានរំលោភ​ដែនអាកាស​របស់ប្រទេស​ជប៉ុនឡើយ។

ក្រសួងការពារជាតិ​ចិន​បាន​បន្ថែមថា វាគឺជារឿងស្រប​ច្បាប់ត្រឹមត្រូវ​សម្រាប់ឲ្យយន្តហោះ​យោធា​របស់ពួកគេ ធ្វើប្រតិបត្តិការ​នៅលើ​​​ដែនអាកាសអព្យាក្រិត ហើយពួកគេ​នឹងបន្តធ្វើលំហាត់ហ្វឹកហ្វឺន​ជាធម្មតាថែមទៀត នៅក្បែរបណ្តាកោះ​របស់ប្រទេសជប៉ុន ដោយ​​យោង​តាមតម្រូវការ​នៃបេសកកម្ម។ យោងតាម​សេចក្តីថ្លែងការណ៍​របស់ក្រសួង​ដដែលនេះ ភាគីដែល​ពាក់ព័ន្ធមិនគួរ​ខឹងសម្បារ ឬ​ត្អូញ​ត្អែរចំពោះ​រឿងនេះ ឬមួយក៏មាន​ការយល់ខុស​នោះឡើយ... វានឹងលែង​អីហើយនៅ​ពេលណាដែល​ពួកគេស៊ាំ​នឹងរឿងនេះនោះ។

គួរបញ្ជាក់ថា សកម្មភាពហោះហើរ​យន្តហោះទម្លាក់​គ្រាប់បែក​ខាងលើរបស់ចិន ទំនងជា​ត្រូវបានគណនា​ដោយហ្មត់ចត់​ជាទីបំផុត ដោយ​ពួកគេមិន​បានបំពានលើដែន​អាកាសជប៉ុន ឬរំលោភ​លើដែនអាកាស​តៃវ៉ាន់នោះឡើយ គ្រាន់តែយ៉ាងកៀក​នឹងដែនអាកាស​​នៃ​ប្រទេស​ទាំងពីរនេះ៕