(លីម៉ា)៖ អតីតប្រធានាធិបតីប៉េរូ លោក Ollanta Humala ដែលបានកាន់អំណាចអំឡុងឆ្នាំ២០១១ ដល់​ឆ្នាំ២០១៦ រួមនិងភរិយារបស់លោក ត្រូវបានអាជ្ញាធរសម្រេចបញ្ជូនទៅឃុំខ្លួន ជាបណ្តោះអាសន្ន​ក្នុងពន្ធនាគារ​ហើយ ក្រោយពីមានការ​ចោទប្រកាន់​ពាក់ព័ន្ធ​​អំពើពុករលួយ នៅអំឡុងពេល​​លោកដឹកនាំ​ប្រទេស​​អាមេរិកឡាទីន​​មួយនេះ។ នេះ​បើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន​ចិនស៊ិនហួរ នាព្រឹក​ថ្ងៃសៅរ៍ ទី១៥ ខែកក្កដា ឆ្នាំ២០១៧។

លោក Humala ត្រូវបានគេដឹងថា ជាអតីតប្រធានាធិបតីប៉េរូទីបី ដែលត្រូវបានអាជ្ញាធរ​ចាប់ខ្លួនយកមក​ផ្តន្ទាទោស ពាក់ព័ន្ធនឹងរឿង​ពុករលួយ ដូចទៅនឹងអតីត​ប្រធានាធិបតី លោក Augusto B. Leguia និងលោក Alberto Fujimori ផងដែរ។ បច្ចុប្បន្នលោក​ត្រូវបានឃុំឃាំង នៅក្នុង​ពន្ធនាគារ Barbadillo De La Diroes ស្ថិតនៅក្នុង​សង្កាត់ Ate Vitarte នៃរដ្ឋធានីលីម៉ា ដែលជាទី​លោក Alberto Fujimori កំពុងជាប់ឃុំឃាំង។

ដោយឡែកភរិយារបស់លោក គឺលោកស្រី Nadine Heredia ត្រូវបាននាំខ្លួនទៅឃុំនៅពន្ធនាគារស្ត្រី Virgen de Fatima ក្នុងសង្កាត់ Chorrillos នៃទីក្រុងលីម៉ា។ គួរបញ្ជាក់ថា លោក Humala និងភរិយា​បានសម្រេច​ប្រគល់ខ្លួនឲ្យសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយសារតែគ្រួសារ​លោក​មាន​ការព្រួយបារម្ភ​ចំពោះ​សុវត្ថិភាព​ផ្ទាល់ខ្លួន ហើយលោករដ្ឋអាជ្ញា Rafael Vela បានស្នើសុំរយៈពេល ១៨ខែ សម្រាប់ការឃុំឃាំងលោក Humala ដើម្បីរង់ចាំការស៊ើបអង្កេតលើកករណីនេះបន្តទៀត៕