(ហាវ៉ាណា)៖ ប្រធានាធិបតីប្រទេសគុយបា លោក Raul Castro បានស្តីបន្ទោស លោក ដូណាល់ ត្រាំ ថា គោលជំហរ​​ជ្រុល​និយម​​របស់​ប្រធានាធិបតីអាមេរិករូបនេះ​ប្រឆាំងនឹងគុយបា បានគូស​ចំណាំនូវភាព​បរាជ័យមួយ ក្នុងទំនាក់ទំនង​រវាងប្រទេស​ទាំងពីរ ដែលត្រូវបាន​​ស្តារឲ្យទៅរកភាព​ប្រសើរឡើងវិញ​ដោយសន្សឹមៗ កាលពីឆ្នាំ២០១៥​ ទៅហើយនោះ។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន Aljazeera នៅព្រឹក​ថ្ងៃសៅរ៍ ទី១៥ ខែកក្កដា ឆ្នាំ២០១៧។

ថ្លែងក្នុងសភាគុយបា លោក Raul Castro បានលើកឡើងថា «សេចក្តីប្រកាសនា​ពេលថ្មីៗនេះ ដែលត្រូវបាន​ធ្វើឡើងដោយ​ប្រធានាធិប​​តី​​អាមេរិក​បច្ចុប្បន្ន គឺជាការបញ្ហា​ក៏ដូចជាការបរាជ័យ​មួយ នៅក្នុងទំនាក់ទំនង​ទ្វេភាគីរវាង​ប្រទេសទាំងពីរ»។ លោក Castro បានរិះគន់​ខ្លាំងៗ​ចំពោះទង្វើ​របស់ លោក ដូណាល់ ត្រាំ ដែលបាន​សម្រេចកែប្រែ​គោលនយោបាយ​ចាស់ៗ​មួយចំនួន របស់អតីត​មេដឹកនាំ​អាមេរិក​​ លោក បារ៉ាក់ អូបាម៉ា ដែលត្រូវបានបង្កើត​ឡើង ដើម្បីផ្សះផ្សា​ទំនាក់ទំនង​ជាមួយប្រទេសដី​កោះកុម្មុយនិស្តមួយនេះ។

គួរបញ្ជាក់ថា កាលពីខែ​មិថុនាកន្លងទៅ លោក ដូណាល់ ត្រាំ បានប្រកាសអំពី​ច្បាប់រឹតបន្តឹង​ចំពោះប្រជាជន​អាមេរិក ធ្វើដំណើរ​ទៅកាន់​​ប្រទេសគុយបា រួមទាំងការ​ធ្វើពាណិជ្ជកម្ម​ជាមួយគុយបា​ជាដើម។ លោក Castro បានហៅ​វិធានការ​ថ្មីនេះ គឺជាការរឹត​បន្តឹង​ការហ៊ុមព័ទ្ធ​​របស់សហរដ្ឋអាមេរិក​ ប្រឆាំងនឹងគុយបា ដែលត្រូវបាន​ដាក់មកលើ​ប្រទេសដីកោះ​មួយនេះ ចាប់តាំង​ពីឆ្នាំ១៩៦២ មកម្ល៉េះ៕