(អង់ការ៉ា)៖ ប្រធានាធិបតីតួកគីលោក តាយយីប អឺដូហ្គាន់ ដែលជាសម្ព័ន្ធមិត្តក្នុងតំបន់ដ៏ស្ម័គ្រស្មោះរបស់ប្រទេសកាតា នៅក្នុងជម្លោះ​ការទូតរវាងទីក្រុងដូហានិងបណ្តាប្រទេសអារ៉ាប់ក្បែរខាងមួយចំនួននោះ សង្ឃឹមថានឹងអាចធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសនៃ​តំបន់ឈូងសមុទ្រពែកនេះបានឆាប់ៗ ដើម្បីពិភាក្សាពីកិច្ចប្រឹងប្រែង ដើម្បីដោះស្រាយវិបត្តិដ៏អូសបន្លាយនេះ។ នេះបើតាមការបង្ហើប​ឲ្យដឹងពីរដ្ឋមន្រ្តីការបរទេសតួកគីលោក Mevlut Cavusoglu ដកស្រង់សម្តីដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០១៧។

ជុំវិញបញ្ហាវិវាទការទូតរវាងកាតានិងបណ្តារដ្ឋអារ៉ាប់នៅជាប់ឈូងសមុទ្រពែកនេះ លោក អឺដូហ្គាន់ ធ្លាប់បានរិះគន់ចំពោះការទាមទារ​ទាំង១៣ចំណុច ដែលត្រូវបានដាក់ចេញដោយ ព្រះរាជាណាចក្រអារ៉ាប់សាអូឌីត អេមីរ៉ាត់អារ៉ាប់រួម បារ៉ែន និងអេហ្ស៊ីប ដើម្បីបញ្ចប់ការ​ដាក់សម្ពាធក៏ដូចជាទណ្ឌកម្មរបស់ពួកគេទៅលើទីក្រុងដូហា ដោយនៅក្នុងសំណើទាំងប៉ុន្មានចំណុចនោះ ក៏រួមមានការទាមទារឲ្យបិទ​​មូលដ្ឋានទ័ពតួកគីនៅកាតាផងដែរ។

ជាមួយគ្នានេះ តួកគី ថែមទាំងបានបញ្ជូនយន្តហោះដឹកទំនិញចំនួន២០០ជើង ដើម្បីនាំយកស្បៀងអាហារទៅឲ្យកាតាទៀតផង ចាប់​តាំងតែពីបណ្តាអ្នកជិតខាង ដែលនៅតំបន់ឈូងសមុទ្រពែករបស់កាតា បានកាត់ចំណងទាក់ទងទាំងផ្លូវទឹកនិងផ្លូវអាកាសចោល ខណៈព្រំដែនគោករបស់កាតា គឺជាប់តែជាមួយអារ៉ាប៊ីសាអូឌីតមួយគត់។ ប្រទេសទាំងបួនខាងលើ បានផ្តាច់ទំនាក់ទំនងជាមួយកាតា កាលពីដើមខែមុន ដោយចោទប្រកាន់ថាទីក្រុងដូហា លួចឧបត្ថម្ភហិរញ្ញាវត្ថុដល់ក្រុមភេរវករ ហើយបានរួមដៃជាមួយសត្រូវ​របស់​ពួកគេ​ តែកាតាបានច្រានចោលការចោទប្រកាន់ទាំងអស់នេះ។

គួរជម្រាបថា នាសប្តាហ៍នេះសហរដ្ឋអាមេរិក និងកាតាក៏​បានយល់ព្រម​ចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​មួយស្ដីពី​ការប្រយុទ្ធ​ប្រឆាំង​នឹង​​ការ​ផ្ដល់​ហិរញ្ញវត្ថុ​ដល់ពួកភេរវករផងដែរ ក្នុងអំឡុងនៃដំណើរបំពេញទស្សនិច្ចរបស់រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Rex Tillerson នៅទីក្រុងដូហា ដើម្បីព្យាយាមបញ្ចប់វិបត្តិការ​ទូតរវាងកាតា និងរដ្ឋ​អារ៉ាប់​ជិតខាងទាំងបួន។ ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនេះ ក្រុមវិវាទរបស់កាតា បានឆ្លើយតបថា វាមិនគ្រប់គ្រាប់ឲ្យពួកគេថមថយក្តីព្រួយបារម្ភនោះឡើយ ខណៈតួកគី បានលើកឡើងថា វាបាន​បង្ហាញពីការប្តេជ្ញាដ៏ស្មោះត្រង់របស់ទីក្រុងដូហា ក្នុងការស្វែងរកដំណោះស្រាយសម្រាប់វិបត្តិនេះ៕