(ព្យុងយ៉ាង)៖ កូរ៉េខាងជើង នឹងចាត់វិធានការតបតតាមការគួរ ប្រសិបបើក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UNSC) ហ៊ាន​សម្រេចដាក់ទណ្ឌកម្មថ្មីផ្សេងទៀត បន្ថែមមកលើរបបដឹកនាំទីក្រុងព្យុងយ៉ាងនោះ។ នេះបើតាមសេចក្តីថ្លែងការណ៍ជាផ្លូវការមួយ របស់​ក្រសួងការបរទេសកូរ៉េខាងជើង ចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០១៧។

អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយនាថ្ងៃសុក្រនេះថា ទីក្រុងព្យុងយ៉ាងមានបំណង​ចាត់វិធានការតដៃមួយចំនួន ប្រឆាំងទៅនឹងសំណើដំណោះស្រាយរបស់ UNSC ដែលនឹងដាក់ចេញនូវទណ្ឌកម្មថ្មី បន្ថែមមកលើកូរ៉េ​ខាងជើង។ «ប្រសិនបើក្រុមប្រឹក្សាសន្តិសុខ UN សម្រេចដាក់ទណ្ឌកម្មថែមទៀតនោះ យើងនឹងធ្វើការឆ្លើយតបទៅវិញ ជាមួយ​និង​វិធាន​ការផ្សេង​​ៗដោយ​ស្មើ​ភាព​គ្នា»។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរដ្ឋទីក្រុងព្យុងយ៉ាង ដែលបានដក​ស្រង់អត្ថន័យ​ពីសេចក្តីថ្លែងការណ៍ក្រសួងការបរទេសរបស់ខ្លួន។

គួរជម្រាបថា កាលពីដើមសប្តាហ៍នេះ ទីភ្នាក់ងារព័ត៌មាន Associated Press (AP) បានធ្វើសេចក្តីរាយការណ៍ថា សហរដ្ឋអាមេរិក បាន​ចែកចាយសេចក្តីព្រាងដំណោះស្រាយមួយ ទៅឲ្យបណ្តាប្រទេសជាសមាជិកអចិន្ត្រៃយ៍នៃ UNSC រួមមានរុស្ស៊ី ចិន អង់គ្លេស និងបារាំង​ ស្តីពីការដាក់ទណ្ឌកម្មថ្មី ប្រឆាំងនឹងរបបដឹកនាំទីក្រុងព្យុងយ៉ាង ពាក់ព័ន្ធនឹងការបាញ់ធ្វើតេស្តមីស៊ីលផ្លោងអន្តរទ្វីប ICBM ដោយជោគ​ជ័យរបស់រដ្ឋកុម្មុនិស្តមួយនេះ កាលពីថ្ងៃទី០៤ ខែកក្កដា៕