(ម៉ូស្គូ)៖ ប្រទេសរុស្ស៊ីត្រៀមរួចរាល់ជាស្រេចហើយ ដើម្បីបណ្តេញមន្រ្តីទូតអាមេរិកមួយចំនួន និងធ្វើការរឹបអូសទ្រព្យសម្បត្តិដទៃទៀត​​របស់អាមេរិក នៅក្នុងទីក្រុងម៉ូស្គូ ដើម្បីជាការឆ្លើយតបសងសឹក ប្រសិនបើពុំមានការឈានដល់កិច្ចព្រមព្រៀងណាមួយ នៅ​ក្នុង​អំឡុង​កិច្ច​ប្រជុំ​រវាងមន្រ្តីការទូតជាន់ខ្ពស់នៃភាគីទាំងសង នៅឯរដ្ឋធានីវ៉ាស៊ីនតោន ដែលនឹងប្រព្រឹត្តទៅនាថ្ងៃចន្ទសប្តាហ៍ក្រោយទេនោះ។ នេះបើតាមការលើកឡើងពីក្រសួងការបរទេសរុស្ស៊ី ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០១៧។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានថ្លែងក្នុងសន្និសីទព័ត៌មានប្រចាំសប្តាហ៍មួយថា «​ចាប់​​តាំង​​​តែ​​​ពី​​​ទីក្រុងវ៉ាស៊ីនតោន បានបណ្តេញមន្រ្តីទូតរុស្ស៊ីជាច្រើននាក់ចេញពីទឹកដីអាមេរិក កាលពីចុងឆ្នាំ​មុននោះ ពុំមានការជជែកពិភាក្សាអ្វី​ទាំង​អស់រវាងភាគីទាំងសងខាងជុំវិញបញ្ហានេះ ហើយវាបានបន្តហាក់ដូចជាគ្មានរឿងអ្វីកើតឡើងបែបនេះ អស់រយៈពេលយូរពេក​ណាស់​ទៅ​ហើយ។ ហេតុដូច្នេះវាជាក់ស្តែងណាស់ថា បើពុំមានមធ្យោបាយអ្វីផ្សេង ដើម្បីបញ្ចុះបញ្ចូលដៃគូអាមេរិកទេនោះ យើង​នឹង​ត្រូវ​តែ​ធ្វើ​បែប​នេះ​តប​​ត​ទៅ​វិញ នាពេលណាមួយ»

លោកស្រី Zakharova បានឲ្យដឹងថាអនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Ryabkov និងអនុរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Thomas Shannon នឹងត្រូវធ្វើការជជែកពិភាក្សាអំពីបញ្ហានេះ នៅក្នុងអំឡុងកិច្ចប្រជុំមួយនៅឯទីក្រុងវ៉ាស៊ីនតោន នាដើមសប្តាហ៍​ក្រោយ​នេះ។ ទន្ទឹមនឹងនេះ លោកស្រីអ្នកនាំពាក្យ មិនបានបញ្ជាក់ឲ្យច្បាស់អំពីចំនួនមន្រ្តីទូតអាមេរិក ដែលប្រឈមនឹងបណ្តេញចេញ​ពីប្រទេសរុស្ស៊ីនោះឡើយ ក៏ប៉ុន្តែលោកស្រីបានឲ្យដឹងថា បុគ្គលិកស្ថានទូតអាមេរិកប្រឆាំទីក្រុងម៉ូស្គូ មានចំនួនច្រើនជាងឆ្ងាយ បើធៀប​នឹងចំនួនអ្នកធ្វើការនៅក្នុងស្ថានទូតរុស្ស៊ីនៅទីក្រុងវ៉ាស៊ីនតោន។

គួររំលឹកថា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ រដ្ឋាភិបាលអតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា បានចេញបទបញ្ជាឲ្យធ្វើការ​បណ្តេញមន្រ្តីទូតអាមេរិកចំនួន៣៥នាក់ ដែលសង្ស័យថាបានលួចស៊ើបយកការណ៍នៅសហរដ្ឋអាមេរិក ហើយទីក្រុងវ៉ាស៊ីនតោន ក៏​បានបិទទីតាំងអគារចំនួនពីរកន្លែងដែលជាកម្មសិទ្ធរបស់ស្ថានទូតរុស្ស៊ីផងដែរ ដោយវិធានការទាំងនេះ ត្រូវបានធ្វើឡើង ជាការឆ្លើយ​តបចំពោះមន្ទិលសង្ស័យដែលថា រដ្ឋាភិបាលទីក្រុងម៉ូស្គូ បានចូលជ្រៀតជ្រែកក្នុងដំណើរការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេ​រិក និងចំពោះការប្រមាថមើលងាយជាបន្តបន្ទាប់លើមន្រ្តីទូតអាមេរិក នៅឯក្រៅប្រទេស។

នៅថ្ងៃបន្ទាប់រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov បានស្នើឲ្យប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន បណ្តេញមន្រ្តីទូតអាមេរិកចំនួន​៣១នាក់វិញ និងរឹបអូសគេហឋានចំនួនពីរកន្លែងរបស់អាមេរិក ដែលស្ថិតក្នុងទីក្រុងម៉ូស្គូ ក៏ប៉ុន្តែលោក ពូទីន មិនបានយល់ព្រមនោះ​ឡើយ ដោយកាលនោះលោកប្រធានាធិបតីរុស្ស៊ីបានលើកឡើងថា ទីក្រុងម៉ូស្គូបានរក្សាសិទ្ធក្នុងការសងសឹកតបតទៅវិញ ដោយ​យោងទៅលើគោលនយោបាយនាពេលអនាគត របស់ប្រធានាធិបតីអាមេរិកថ្មីលោក ដូណាល់ ត្រាំ៕