(អន្តរជាតិ)៖ ក្រុមរ៉ាឌីកាល់មូស្លីម​មានច្រើនបក្ខពួក ដែលក្រុមទាំងនោះ​ក្រោយការបែកខ្ញែក និងមានការអូសទាញ បានចូលរួម​ជាមួយ​រដ្ឋឥស្លាម ដែលធ្វើការវាយប្រហារនៅស៊ីរី។

* តួនាទីតួកគី​ក្នុងសង្គ្រាម​ស៊ីរី (ឆ្នាំ២០១៣ - ២០១៦)

ក្រោយការប្រឆាំង​នឹង​ប្រធានាធិបតីស៊ីរី បាស្សា អាល់ អាស្សាដ ក្នុងឆ្នាំ២០១១ មនុស្សជា​ច្រើនវាយតម្លៃថា ប្រទេសស៊ីរី​អាចនឹងមាន​សង្គ្រាមស៊ីវិល។ ពិតដូច្នេះ​មែន ប្រធានាធិបតី អាស្សាដ មានភាពរឹងទទឹង មិនព្រមបញ្ឈប់​ការប្រើប្រាស់​ហិង្សា មិនបង្កើតអោយ​មានកំណែទម្រង់ ហើយមិន​ចេញពីដំណែង​ឡើយមិនថា មេដឹកនាំអាមេរិកប្រធាធិបតី អូបាម៉ា និង​ប្រធានាធិបតីតួកគី ស្នើសុំយ៉ាង​ណាក្តី។ គណបក្ស​ប្រឆាំង​នៅប្រទេស​ស៊ីរី​បែកខ្ញែកគ្នា បក្ខនីមួយៗមានការប្រឆាំង​ដើម្បី​បុព្វហេតុ​ផ្សេងៗគ្នា ចុងបញ្ចប់​មានតែ​សង្គ្រាម​ស៊ីវិល។

ប្រទេសតួកគី​គាំទ្របក្សប្រឆាំង ដោយបើក​ព្រំដែនស៊ីរី-តួកគីអោយទូលាយ ជាជំនួយក្នុងការ​​នាំចូល​អាវុធ។ សង្រ្គាមនៅតែវិវត្តន៍ទៅមុខ ហើយព្រំដែន​នៅតែបើកចំហដដែល ដើម្បីជួយដល់​ជនភៀស​ខ្លួន ដែលនេះជាអំពើមនុស្សធម៌មួយ ប៉ុន្តែត្រូវបានពួកជីហាដ​​ឆ្មក់យកផល​​ប្រយោជន៍ ដូចជាពួក Jabhal al-Nusra (ឥឡូវឈ្មោះHTS) និងពួកអាល់កៃដា​នៅ​ប្រទេសស៊ីរី។

អតីតមន្រ្តី​សហរដ្ឋអាមេរិក​​ម្នាក់​ថែមទាំងចោទថា តួកគីដឹង​ពី​ដំណើរ​របស់ពួកជីហាដ​​ទាំងនេះ ហើយជួយ​ពួកគេទៀត​ផង។ សហរដ្ឋអាមេរិក​បានចាត់ទុកពួក al-Nursra ជាអង្គការ​ភេរវកម្ម តាំងពីខែធ្នូ ឆ្នាំ២០១២ មកម្ល៉េះ ប៉ុន្តែតួកគីរង់ចាំដល់ខែមិថុនា ឆ្នាំ២០១៤ ទើបចុះឈ្មោះ​ក្រុមនេះជាក្រុមភេរវកម្ម ដែលមកដល់ពេលនេះ គឺហួសពេល​បាត់​ទៅហើយ។ ក្រុមនេះរាប់ពាន់នាក់​បានធ្វើដំណើរទៅស៊ីរី ក្នុងកំឡុងឆ្នាំ២០១៣ និងឆ្នាំ២០១៤ ខ្លះយក​របាំង មនុស្សធម៌មកប្រើប្រាស់​ ដើម្បីឈានជើង​ចូលទៅរកក្រុមជ្រុល​និយមនៅស៊ីរីក៏មាន។ មេដឹកនាំ IS ម្នាក់មាន​ឈ្មោះថា Yakup Aktulum និយាយថា ខ្លួនទៅ​ស៊ីរីឆ្នាំ២០១៣ ដើម្បីនាំយកអំណោយ​មនុស្សធម៌ពី​អង្គការ IHH ជាអង្គការមួយ​ដែលគេសង្ស័ថា មានទំនាក់ទំនងជាមួយពួកអាល់កៃដា។

ប្រទេសមួយចំនួន​ក្នុង​ពិភពលោក ដូចជា អេហ្ស៊ីប និង ទុយនីស៊ី បានផ្លាស់ប្តូរជា​នយោបាយ​អ៊ីស្លាម ហើយតួកគី​ដែលមានមេដឹកនាំ​ជាប់ឆ្នោត​ផ្ទួនៗគ្នា ក្នុងការដឹកនាំ​ទៅរករបត់​នយោបាយនេះ​បានក្លាយ ខ្លួនជា​មេគេ ពង្រីកឥទ្ធិពលរបស់ខ្លួន​ទៅលើប្រទេស​ជិតខាង។ តួកគីគាំទ្រ​បក្សប្រឆាំង​ស៊ីរី ទោះបីជាពួកនេះ​បានប្រើហិង្សា មានភាពជ្រុលនិយម និង​ជំរុញអោយ​ប្រទេសស៊ីរី​ខិតទៅជិត​សង្រ្គាមក៏ដោយ។

ដូចគ្នានឹងតួកគីដែរ សហរដ្ឋអាមេរិកគាំទ្របក្សប្រឆាំងរបស់ស៊ីរី ហើយបានរួមដៃគ្នាជាមួយតួកគី ផ្តល់ជំនួយដល់បក្សប្រឆាំងទាំងនោះដោយ ផ្តគ់ផ្គង់សព្វាវុធ ប៉ុន្តែមកដល់ខែតុលា ឆ្នាំ២០១២ មន្រ្តីអាមេរិករកឃើញថា ជំនួយទាំងនោះមិនទៅដល់ដៃបក្ស​ប្រឆាំងស៊ីរី​ឡើយ គឺត្រូវបានប្រើប្រាស់ ដោយក្រុម​ជីហាដ ហើយអាមេរិកទំលាក់កំហុសលើតួកគី ដែលបណ្តោយអោយហេតុការណ៍នេះ​កើតឡើងបាន។

ប្រធានាធិបតី អេដូហ្គេន និង រដ្ឋមន្រ្តីក្រសួងការបរទេស​ជំនាន់នោះ​គឺលោក អាមិត ដាវូតូគ្លូ មិនខ្វល់​ឡើយថា អាមេរិកគាំទ្រ​ខាងណា ព្រោះពួកគេមាន​ក្រុមបក្ខពួកដែលគេចង់ជួយ​ផ្សេងទៀត។ អភិបាល​ខេត្ត​ហេតីយ នៅព្រំដែន​តួកគី និងស៊ីរី បានចាប់ឃាត់ឡានដឹក​ទំនិញមួយ ដែលបញ្ចូន​ដោយភ្នាក់ងារស៊ើប​អង្កេតរបស់​រដ្ឋតួកគី (MIT) ។ រដ្ឋាភិបាល​បកស្រាយថា នោះជាកញ្ចប់ជំនួយ​សម្រាប់ទាហាន​តួកគីនៅស៊ីរី តែរបាយការណ៍មុន ហេតុការណ៍នេះត្រូវបានទម្លាយ​លើកឡើងថា នេះជាជំនួយ​ត្រូវបញ្ជូនទៅតំបន់ គីលីស ជាតំបន់ក្បែរៗ កន្លែងជីហាដ​កាន់កាប់។

ហេតុការណ៏ស្រដៀងគ្នានេះបានកើតឡើងម្តងទៀតនាថ្ងៃទី ១៩ ខែមករា នៅរដ្ឋ អាដាណា តែលើកនេះក្នុងឡានដឹកទំនិញមានសុទ្ធសឹង កាំភ្លើង និងគ្រាប់រ៉ុក្កែត ដែលជារបស់ MIT។ រដ្ឋអាជ្ញា បញ្ជាអោយមានការបញ្ឈប់​ឡានដឹកទំនិញនេះ ប៉ុន្តែប៉ូលិសត្រូវបានដកចេញ ពីកន្លែងកើតហេតុប្រឆាំងនឹងការបញ្ជាររបស់រដ្ឋអាជ្ញា ហើយប្រធានាធិបតី អេដូហ្គេន និយាយបញ្ចប់ក្តីថា នេះជាគម្រោងការ​ទម្លាក់គាត់ពីដំណែង​ប៉ុណ្ណោះ។

កំណើនឡើងនៃឥទ្ធិពល IS នៅប្រទេសស៊ីរីពាក់កណ្តាលឆ្នាំ២០១៤ ផ្តល់ជាការ​គំរាមកំហែង ព្រោះក្រុមនេះ​​ខ្លាំង និងសាហាវ​ជាងពួកអាល់កៃដា និង​ពួកជីហាដណាៗទាំងអស់។ IS វាយលុក​យកទឹកដី ក្នុងខែកក្កដា ឆ្នាំ២០១៤ ពួកវាបាន​វាយលុកកាន់កាប់ទីក្រុង ម៉ូស៊ុល និង ហ្វាឡូចា ព្រមទាំងតំបន់​ព្រំដែនអ៊ីរ៉ាក់​ទៀតផង។ ក្នុងខែកញ្ញា សហរដ្ឋអាមេរិកបានប្រកាសសង្រ្គាម និងរួមដៃគ្នាជាមួយ ៤០ ប្រទេស​ដើម្បីកំចាត់ IS។

តួកគីមិនបាន​បង្ហាញភាពស្វាហាប់ក្នុងការចូលរួមប្រឆាំងនឹង IS ឡើយ។ តួកគីមាន​ភាពយឺតយ៉ាវ ក្នុងការប្រឆាំង​នឹង IS និង បញ្ឈប់ការរកជំនួញប្រេង និង​វត្ថុខុសច្បាប់នានា អូសបន្លាយដល់​ខែតុលា ឆ្នាំ ២០១៥។ តួកគីមិនបាន​អនុញ្ញាតអោយ​អង្គការប្រឆាំង IS ធ្វើការនៅ​ព្រលានយន្តហោះ អីនឃឺលីក ដែលនៅជិត​ស៊ីរីឡើយ។ រយៈពេល១ឆ្នាំ​ដែលការវាយប្រហារ​ត្រូវបានធ្វើ​ឡើង ពីកន្លែង​ឆ្ងាយៗ​នៅ​សាធារណរដ្ឋសាយព្រុស (Cyprus) សហព័ន្ធអារ៉ាប់ និង​ប្រទេសកាតា (Qatar)។

មកដល់​ខែមីនា ឆ្នាំ ២០១៤ IS បានបង្ហាញថា​ ខ្លួនមានសមត្ថភាព​ធ្វើការវាយប្រហារនៅប្រទេស តួកគីតាម​អំពើចិត្ត។ ពួកវាបានបាញ់សម្លាប់ ប៉ូលីស០២នាក់ និងប្រជាជនស៊ីវិលម្នាក់នៅកណ្តាល ទីក្រុង​អាណាតូលី។ ពួកវាចាប់ជំរិត​អ្នកការទូត នៅម៉ូស៊ុល និងផ្តល់ការគំរាមកំហែងដល់ប៉ុស្តិ៍ជួរមុខតួកគី នៅប្រទេសស៊ីរី ដែលនៅទីនោះ​មានទាហានយាម​ដល់ទៅ ៣៨នាក់។ ពួក IS ក៏បានគ្រប់គ្រង​ទីក្រុង​២របស់តួកគី​ដែរ គឺ ចារាបូលុស និង ថែល​អាបីយាត នៅពាក់​កណ្តាលឆ្នាំ ២០១៤។

តួកគីប្រហែលមិន​ហ៊ានជ្រោមជ្រែង​ការប្រឆាំងនឹងពួក IS ដោយសារ​ពួកវានៅជិតខ្លួន​ពេកក៏ថាបាន ដែលនេះជាហេតុផល​ដែលអាចយល់​យោគបាន ប៉ុន្តែវានៅ​តែ​បង្ហាញថា តួកគីមិនមាន​ទំនួលខុសត្រូវ​ចំពោះ​សកម្មភាព IS ក្នុងប្រទេសរបស់ខ្លួន និងនៅតាមព្រំដែន។ តួកគី​បិទព្រំដែនរបស់​ខ្លួន​ក្នុងឆ្នាំ២០១៤ ប៉ុន្តែសកម្មភាព​ជួញដូរខុសច្បាប់​នៅតែកើតមាន។

ជីសម្រាប់កសិកម្ម​ដើម្បីបង្កើតស្បៀង និង​សារធាតុដើម្បីបង្កើត​គ្រាប់បែក​ត្រូវបានជួញដូរ​ទៅអោយ IS តាមរយៈតួកគី។ អ្នកកាសែត Tolga Tanis ស៊ើបអង្កេត​ឃើញថា មានសារធាតុ​ផ្ទុះ ១៣,០០០តោន​ជួញដូរនៅក្នុងតំបន់ក្រហម​ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៤។ រដ្ឋាភិបាល​ផ្ទុះកំហឹង នឹងការចុះផ្សាយនេះ ហើយដាក់​សំពាធលើ កាសែត Hurriyet ធ្វើអោយ Tanis បាត់បង់​ការងារធ្វើ។

នៅខែ​ឧសភា ឆ្នាំ ២០១៥ កាសែត The New York Times ចុះផ្សាយថា តួកគី​បិទព្រំដែន ប៉ុន្តែជីរាប់តោន​ត្រូវបានជួញដូរ​អោយក្រុម IS នៅតំបន់​អាក់ខេខេល។ ឯកសារ​របស់ IS ទម្លាយដោយ ជនជាតិឃើដ​នៅស៊ីរីបានបង្ហាញថា ជី ១២៥តោនពីតួកគី ដែលបញ្ជូន​ទៅត្រូវបានប្រើប្រាស់​ដើម្បី បង្កើតវត្ថុ​ធាតុដើម​ធ្វើគ្រាប់បែក។

IS ប្រើប្រាស់ ប៉ូតាស្យូមនីត្រាត ពីតួកគី​ដើម្បីបង្កើត​គ្រាប់បែក IEDs។ តាមរយៈ​ការស្រាវជ្រាវ សំងាត់របស់​សភាអ៊ឺរ៉ុប​បានអោយដឹងថា ឧបករណ៍ប្រើប្រាស់ ៥០ប្រភេទ ត្រូវបានជួញដូរ​ដោយ IS និង ប្រទេស ២០ផ្សេងទៀត ក្នុងនោះមាន ១៣ ក្រុមហ៊ុន​រង់ចាំ​ផ្គត់ផ្គង់​អោយ IS ជាប្រចាំ ហើយតួកគី​មានតួនាទី​សំខាន់ជាង​គេ ក្នុងការផ្តល់ជូនវត្ថុធាតុដើម ដើម្បីបង្កើត IEDs។

ឯកសារ ៤,៦០០ សំនុំ​ផ្សេងគ្នារបស់ IS ដែលទម្លាយដោយ​ទាហានអាមេរិកបានអោយដឹងថា ៩០% នៃអ្នកវាយប្រហារដែលចូលរួមជាមួយ IS ឆ្លងតាមព្រំដែនតួកគីពីឆ្នាំ២០១៣ និង ២០១៤។ ភាគច្រើនគេចេញពីទីក្រុងអ៊ីស្តង់បូល ទៅព្រំដែននៃខេត្ត សានលីហ្វា ហ្គាស្សានទិប ឬ អាក់ខេខេល ទាហាននៅទីនោះមិនខ្វាល់​ឡើយ ពីការឆ្លងកាត់របស់អ្នកប្រយុទ្ធទាំងនេះ។

IS ជាជនជាតិ​តួកគី​នៅស៊ីរី និង អ៊ីរ៉ាក់ គេជឿជាក់ថា អ្នកចូលរួម IS មកពីអ៊ឺរ៉ុប ឬ អារ៉ាប់ តែតាំងពីឆ្នាំ ២០១២ មកពួកជីហាដតួកគី ជាច្រើនបាន​ចូលរួមដែរ។ នាយករដ្ឋមន្រ្តីតួកគី Bulent Arinc បានប្រកាសកាលពីឆ្នាំ ២០១៥ ថា មានជនជាតិតួកគី ១,០០០នាក់ ចូលជាកងកម្លាំង IS។ សារព័ត៌មាន Hurriyet បានប្រកាសនូវតួលេខខ្ពស់ជាងនេះទៅទៀត គឺ ២,៧០០នាក់ តែក្នុងនោះ ១,៥០០នាក់ បានត្រឡប់មកតួកគីវិញ។ បើតាមប្រភពមួយទៀត ដែលបូកសរុបចំនួនជនជាតិតួកគី​ចូលជាសមាជិក IS រយៈពេល ៤ឆ្នាំ ចុងក្រោយ​អាចកើនដល់ ខ្ទង់ម៉ឺននាក់​ឯណោះ។ ប៉ុន្តែរបាយការណ៍បានបញ្ជាក់ បន្ថែមថា ៦០%នៃចំនួននោះ​ជាសមាជិកគ្រួសារ។ អ្នកដែលចូលរួម​ក្នុងអង្គការភេរវកម្ម IS ខ្លះចូលប្រយុទ្ធ​ផ្ទាល់ ខ្លះបានក្លាយ​ជាមេដឹកនាំ​ទៀតផង។

* ជនជាតិឃើដ

ពួកតួក (Turks) និងឃើដ (Kurds) ជាពួកជាតិ​និយមចូល IS ដើម្បីប្រយុទ្ធនឹង​គណបក្ស PKK។ គណបក្ស PKK របស់តួកគី​មានទំនាក់ទំនង​ជិតស្និទ្ធនឹង គណបក្ស​ស៊ីរី ឈ្មោះ PYD និង YPG។

គណបក្ស PYD និង PKK អ្នកខ្លះវាយប្រហារដើម្បីសាសនា ខ្លះដើម្បីចិត្តជាតិនិយម ខ្លះដោយសារ មូលហេតុ០២នេះលាយបញ្ចូលគ្នា។ ពួកគេយល់ថា គេតំណាង​អោយមនុស្សអំបូរឃើដ រាប់លាននាក់ រស់នៅតាមតំបន់នាប្រទេសតួកគី និងស៊ីរី។

ពួក IS វាយយកទឹកដី ស៊ីរីដែលមានជនជាតិ​ឃើដរស់នៅច្រើន។ គណបក្ស YPG រួមគ្នាជាមួយ សហរដ្ឋអាមេរិកដើម្បី​ប្រឆាំងនឹង IS ។ ប្រធានាធិបតី​ អេដូហ្គេន លុបចោលសន្ធិសញ្ញា​សន្តិភាព រវាងតួកគី និង ឃើដ ហើយធ្វើសង្គ្រាមដោយ​វាយប្រហារតាមផ្លូវអាកាស​ទៅកាន់ គណបក្ស PKK នៅភាគ​ខាងជើង អ៊ីរ៉ាក់។ នៅខែសីហា ឆ្នាំ ២០១៦ ទាហានតួកគីចូល​បោសសំអាត IS ចេញពីព្រំដែន រឹតបន្តឹងមិន​អោយពួក ឃើដឆ្លងចូលទឹកដីបាន។

ពួកឃឺដដែលសំងំខ្លួនក្នុងនៅភាគខាងត្បូងប្រទេសតួកគី គឺក្រុម ហីសបូឡា (Hizbullah/Huda-Par)។ គេមិនដឹងច្បាស់ឡើយថាក្រុមនេះពាក់ព័ន្ធនឹងរដ្ឋឥស្លាម ប៉ុណ្ណា ប៉ុន្តែអំបូរឃឺដតួកគី យ៉ាងហោច ៦០០ នាក់ចូលដៃជាមួយ IS នៅស៊ីរី និង អ៊ីរាក់ ឆ្នាំ ២០១៤។

* សង្រ្គាម តួកគី និង IS

ទំនាក់ទំនង​តួកគី និង IS ចាប់ផ្តើមអន់ថយ​ពីពេលនោះមក ពិសេសក្រោយ​ពេលតួកគី អនុញ្ញាតអោយ​សហរដ្ឋអាមេរិក ធ្វើការវាយប្រហារផ្លូវ​អាកាសពី​ព្រលានយន្តហោះ Incirlik ។

តួកគីវាយប្រហារ​ដោយកាំភ្លើងធំ និង យន្តហោះ​ចម្បាំង ហើយ IS វាយប្រហារវិញចំនួន ៦ដង ២ដងនៃការវាយប្រហារនោះ​ ធ្វើឡើងនៅទីក្រុងអង់ការ៉ា​ផ្ទាល់តែម្តង ដើម្បីសម្លាប់​ភ្ញៀវទេសចរ ដែលមក​លេងទីនោះ ភាគច្រើនជាជន​ជាតិអ៊ីស្រាអែល និងអាល្លឺមង់។ ពីខែមករា ដល់ ខែឧសភា ឆ្នាំ២០១៦ IS បំផ្លោងគ្រាប់បែក ៧០ គ្រាប់មកព្រំដែន​តួកគី។

ក្នុងខែសីហា​ឆ្នាំ២០១៦ តួកគីចេញបេសកកម្ម​មួយទៅស៊ីរី ដើម្បីកំចាត់ពួក​ឃើដដែលកំពុង ពង្រីកឥទ្ធិពល​របស់ខ្លួននៅទីនោះ និង​ដើម្បីកំចាត់ IS ផងដែរ។ ក្នុងខែតុលា តួកគី និងដៃគូ អារ៉ាប់ ស៊ីរី វាយប្រហារ​ដល់ទីក្រុង al-Bab កាន់កាប់ដោយ​ពួក IS ធ្វើអោយ IS ប្រកាសជា​លើកដំបូងបំផុត ថានឹងវាយ​ប្រហារមកលើតួកគី។ មួយខែ​ក្រោយមក វីដេអូមួយបាន​លេចឡើង គឺទាហាន​តួកគី ២រូបត្រូវបានពួក IS ដុតទាំងរស់។ តួកគីបំបិទប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម Youtue Twitter និង Facebook។

សូមរង់ចាំតាមដានទស្សនាភាគ៤ នៅថ្ងៃស្អែក៕

ប្រែសម្រួល៖ វែបសាយបរទេស