(វ៉ាស៊ីនតោន)៖ កងកម្លាំងប្រជាធិបតេយ្យ​ស៊ីរី (SDF) ដែលគាំទ្រ​ និងបំពាក់បំប៉នដោយ​សហរដ្ឋអាមេរិក បាននិងកំពុងបន្ត​ធ្វើការ​ប្រយុទ្ធ​តស៊ូ​យ៉ាង​ក្តៅគគុក ដើម្បីរុលឆ្ពោះ​ទៅកាន់បេះដូង​នៃទីក្រុង Raqqa ដែលជាមូលដ្ឋានស្នូល​ដ៏ធំរបស់ក្រុមសកម្មប្រយុទ្ធ​រដ្ឋ​អ៊ី​ស្លាម ISIS ប្រចាំ​នៅក្នុង​ប្រទេសស៊ីរី។ នេះបើតាម​ការឲ្យដឹងពី​ លោក Brett McGurk មន្រ្តីបេសកកម្មជន​របស់ប្រធានាធីប​តី ដក​ស្រង់​សម្តី​​​ដោយ​​សារ​ព័ត៌​មានរុស្ស៊ី Sputnik នៅរសៀល​ថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០១៧។

ថ្លែងក្នុងកិច្ចប្រជុំជា​មួយបណ្តា​សមាជិកនៃ ក្រុមចម្រុះអន្តរជាតិ​ដឹកនាំដោយ​ទីក្រុងវ៉ាស៊ីនតោន​នាសប្តាហ៍នេះ​ លោក McGurk បាន​បញ្ជាក់ថា កងកម្លាំង SDF ដែលទទួលការ​ជួយជ្រោមជ្រែង​ពីអាមេរិក បានធ្វើការប្រយុទ្ធរុល​ចូលភាគ​កណ្តាល​នៃទីក្រុង Raqqa ដែល​ជារដ្ឋធានី​របស់ក្រុម ISIS នៅស៊ីរី ក៏ប៉ុន្តែកំពុងតែ​ទទួលរង​ការបាត់បង់កម្លាំង​យ៉ាងខ្លាំងធ្ងន់ធ្ងរ។

លោក Brett McGurk បានឲ្យដឹង​យ៉ាង​ដូច្នេះថា «នៅក្រុង Raqqa សមរភូមិកំពុង​បន្តប្រព្រឹត្តទៅ​យ៉ាងក្តៅគគុក។ កងកម្លាំង SDF បាន​ឆ្ពោះចូល​ទៅកាន់ភាគកណ្តាល​នៃទីក្រុង បន្ទាប់ពីបានឆ្លង​កាត់ឧបសគ្គដ៏លំបាកៗ​ជាច្រើន រួមមានទាំងខ្សែ​បន្ទាត់ការពាររបស់​ក្រុម​សកម្មប្រយុទ្ធ, គ្រាប់បែកបង្កៃ, ជនបំផ្ទុះ​គ្រាប់បែក​អត្តឃាត, អ្នកបាញ់ស៊ីប, និងរថពាសដែកជាដើម»។ លោក McGurk ក៏​បាន​កត់សម្គាល់ផងដែរថា ស្របពេលជា​មួយគ្នា SDF បានបាត់បង់កម្លាំង​ក្នុងបរិមាណ​ដ៏ធ្ងន់ធ្ងរ ហើយនឹងអាច​បន្តកើនឡើង​ថែមទៀត ខណៈកងកម្លាំងនេះ​កំពុងព្យាយាមបោស​សម្អាតវត្តមាន​នៃអ្នកប្រយុទ្ធ ISIS ឲ្យអស់ពីទីក្រុង Raqqa។

គួរបញ្ជាក់ថា កងកម្លាំង SDF បានចាប់ផ្តើមចេញប្រតិបត្តិការ​វាយដណ្តើមកាន់កាប់ទីក្រុង Raqqa ពីកណ្តាប់ដៃរបស់ក្រុម ISIS មកវិញ​កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៦។ ដោយឡែក នៅក្នុងប្រទេសអ៊ីរ៉ាក់វិញ ក្រុមសកម្មប្រយុទ្ធ ISIS បានបាត់បង់មូលដ្ឋានស្នូលដ៏​សំខាន់របស់ខ្លួន បន្ទាប់ពីត្រូវបានកងទ័ពរដ្ឋាភិបាលអ៊ីរ៉ាក់ ធ្វើការវាយកម្ចាត់ចេញទាំងស្រុងពីទីក្រុងម៉ូស៊ូល កាលពីពេលថ្មីៗ​នេះ៕