(វ៉ាស៊ីនតោន)៖ នេះអាចជា​ដំណឹងដ៏គួរឲ្យ​សោកស្តាយ​មួយ ខណៈទីភ្នាក់ងារ​អវកាស NASA របស់​សហរដ្ឋអាមេរិក បាន​​សារភាព​​ឲ្យដឹង​ថា ខ្លួនពុំមាន​កញ្ចប់ថវិកាឧបត្ថម្ភ​គ្រប់គ្រាន់ សម្រាប់​ចេញ​​បេស​កកម្ម​បញ្ជូន​មនុស្ស​ទៅកាន់​ភពអង្គារ (Mars) នោះឡើយ។ នេះបើ​តាម​ការចេញ​ផ្សាយដោយ​ សារព័ត៌មានអង់គ្លេស Daily Mail (Mail Online) នៅរសៀល​ថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០១៧។

នៅក្នុងអំឡុង​នៃកិច្ចប្រជុំមួយ​របស់វិទ្យាស្ថានអវកាស និងអវកាស​យានិក​អាមេរិក​នាសប្តាហ៍នេះ ប្រធានបេសកកម្ម​បញ្ជូនមនុស្ស​ ធ្វើ​ដំណើរក្នុង​លំហអវកាស លោក Willianm H. Gerstenmaier នៃទីភ្នាក់ងារ​អវកាស NASA បានលាតត្រដាង​ឲ្យដឹងថា «NASA មិនអាច​កំណត់​កាលបរិច្ឆេទ សម្រាប់បេសកកម្ម​បញ្ជូនក្រុម​អវកាសយានិក​ ទៅកាន់ភពអង្គារបានឡើយ ដោយសារ​កង្វះខាត​ផ្នែក​ហិរញ្ញវត្ថុ»។

គួរបញ្ជាក់ថា ការសារភាព​ដ៏អាម៉ាស់នេះ​បានកើតឡើង​នៅប៉ុន្មានថ្ងៃ​ បន្ទាប់ពីអនុប្រធានាធិបតី​អាមេរិក លោក Mike Pence បានប្តេជ្ញាថា នឹងចាប់ផ្តើម​យុគសម័យថ្មី​នៃភាពជាអ្នកដឹកនាំ​របស់សហរដ្ឋអាមេរិក​ នៅក្នុងវិស័យអវកាស ជាមួយការ​វិលត្រឡប់​ទៅសិក្សាស្រាវ​ជ្រាវ​លើឋាន​ព្រះច័ន្ទវិញ រួមនិងការ​បញ្ជូនក្រុម​អវកាសយានិក​ឲ្យទៅជាន់ដី​ភពព្រះអង្គារ។ យ៉ាងណាមិញ លោក Gerstenmaier ក៏បានឲ្យតំរុយផងដែរថា អង្គការ NASA ប្រហែល​ជាងាកទៅផ្តោត​សំខាន់លើ ការវិលត្រឡប់​ទៅ​កាន់ឋានព្រះច័ន្ទវិញ៕