(ម៉ានីល)៖ មនុស្សស្លាប់​ដោយសារគ្រោះរញ្ជួយ​ផែនដីកម្រិត ៦.៥រ៉ិចទ័រ ដែលបានអង្រួន​ដែនដីកោះ​ភាគកណ្តាល នៃប្រទេស​ហ្វី​លីពីន​កាលពីថ្ងៃព្រហស្បតិ៍​ម្សិលមិញនេះ មានចំនួន០២នាក់ ខណៈ៧២នាក់ផ្សេងទៀត​រងរបួស​ធ្ងន់ និងស្រាល។ នេះបើតាមប្រភពពីទីភ្នាក់ងារគ្រោះមហន្តរាយ របស់​រដ្ឋាភិបាល​ហ្វីលីពីន​ដកស្រង់​ដោយ​ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃសុក្រ​ ទី០៧ ខែកក្កដា ឆ្នាំ២០១៧។

ក្រុមប្រឹក្សា​គ្រប់គ្រង និងកាត់បន្ថយហានិភ័យ​នៃគ្រោះ​មហន្តរាយជាតិ (NDRMMC) របស់ហ្វីលីពីន​បានបញ្ជាក់​ទៀតថា មនុស្ស​​យ៉ាង​តិច​​​ ៧២នាក់ បាន​ទទួលរបួស ក៏ប៉ុន្តែពុំ​មានជនរងគ្រោះ​ណាត្រូវ​គេរាយការណ៍ថា បានបាត់ខ្លួន​ថែមទៀត​នោះឡើយ។ ដោយឡែក​សម្រាប់មនុស្ស​ទាំងពីរ​នាក់ ដែលបានស្លាប់​ដោយសារ​គ្រោះធម្មជាតិ​នេះវិញ មានម្នាក់​បានបាត់បង់ជីវិត​នៅក្នុងអគារ ដែលបាន​ស្រុត​មួយ​កន្លែងនៅ​ក្នុងក្រុង Kananga និងម្នាក់​ទៀត​ត្រូវគេរាយការណ៍​ថា បានបាត់បង់​ជីវិត​នៅក្នុងគ្រោះរអិល​បាក់ដី​នៅក្រុង Ormoc ដែលស្ថិតនៅ​ក្នុងខេត្ត Leyte ភាគកណ្តាល​ហ្វីលីពីនដូចគ្នា។

ចំណែកឯ​មនុស្សចំនួន ០៦នាក់ ដែលបានជាប់ខ្លួន​នៅក្នុងអគារ​កម្ពស់ពីរជាន់​មួយកន្លែង ដែលបាន​បាក់ស្រុត​នៅក្នុងក្រុង Kananga នោះ​ត្រូវបាន​ជួយសង្រ្គោះ​ដោយ​ជោគជ័យហើយ បើតាម​ការឲ្យដឹងពី​អភិបាល​ក្រុង លោក Rowena Codilla។ វិទ្យាសា្ថន​សិក្សា​ស្រាវ​ជ្រាវភ្នំភ្លើង​ និងគ្រោះរញ្ជួយដី​នៃប្រទេស​ហ្វីលីពីន បានបញ្ជាក់ថា គ្រោះធម្មជាតិ ដែលបាន​កើតឡើង​នៅចម្ងាយ ០៨គីឡូម៉ែត្រភាគ​និរតី​នៃទីក្រុង Jaro កាលពីវេលា​ម៉ោង ៤៖០៣នាទីល្ងាច​ថ្ងៃព្រហស្បតិ៍ម្សិលមិញ​នេះ មានជម្រៅពីរ​គីឡូម៉ែត្រ។

វិទ្យសា្ថនដដែល​បានបន្តថា គ្រោះរញ្ជួយដីនេះ​ក៏បានជះឥទ្ធិពល​ដល់ខេត្តជិតខាង​នៅភាគកណ្តាល​ហ្វីលីពីន រួមមានខេត្ត Negros Occidental ខេត្ត Surigao del Norte និងក្រុង Cebu។ សម្រាប់តំបន់​ដែលបានទទួលរងផលប៉ះពាល់ភាគច្រើន នៅតែពុំមានចរន្ត​អគ្គិ​សនីប្រើប្រាស់ដដែល​នៅឡើយទេ។ ម៉្យាងវិញទៀតបណ្តា​សាលារៀន​នៅទូទាំងខេត្ត Leyte ក៏ត្រូវបានឈប់សម្រាក​ផងដែរ ដើម្បី​ទុកពេលឲ្យក្រុមវិស្វករ​ជំនាញ ត្រួតពិនិត្យ​មើល​អគាររបស់​សាលាទាំងអស់​នោះឡើងវិញ។ ជាមួយគ្នានេះ គ្រប់ជើងហោះហើរ​ទាំង​អស់នៅក្នុងខេត្ត ដ៏ត្រូវបានផ្អាក​ដំណើរការជា​បណ្តោះអាសន្ន​ថែមទៀតផង ដោយសារផ្លូវហោះហើរ​បានរងការខូចខាត ក្រោយគ្រោះ​រញ្ជួយ​ផែនដី៕