(ប៊ែរឡាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងលោកស្រី​ជំទាវទី១ ប៉េង លីយ័ន (Peng Liyuan) រួមទាំងអធិការបតីអាល្លឺម៉ង់​ លោកស្រី អាន់ជែឡា មឺគែល នៅថ្ងៃពុធ​សប្ដាហ៍នេះ​ បានចូលរួម​ទស្សនាដោយ​ផ្ទាល់ ការប្រកួតបាល់ទាត់រវាង​ក្រុមយុវជន​ចិន និងអាល្លឺម៉ង់​នៅកីឡដ្ឋាន Olympiastadion Berlin សំដៅជំរុញ​ឱ្យកីឡាករ​យុវជន​នៃប្រទេសទាំងពីរ​បង្កើនមិត្តភាព ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​ចិនស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី០៧ ខែកក្កដា ឆ្នាំ២០១៧។

ថ្លែងនាឱកាស​នោះដែរ ប្រធានាធិបតីចិន​លោក ស៊ី ជិនពីង បានគូសបញ្ជាក់យ៉ាងដូច្នេះថា «អ្នក (យុវជនចិន និងអាល្លឺម៉ង់) គឺជាអនាគត​នៃបាល់ទាត់​របស់ចិន និងអាល្លឺម៉ង់... ហើយខ្ញុំសង្ឃឹមថា អ្នកអាច​អភិវឌ្ឍន៍ខ្លួនឯង និងរៀនសូត្រពីគ្នា​ទៅវិញទៅមក ព្រមទំាងរក្សាមិត្តភាព​រវាងគ្នា»។ បន្ថែមពី​លើនេះ ប្រធានាធិបតី​ចិន​បានជំរុញឱ្យ​មានកិច្ច​សហប្រតិបត្តិការ​ផ្នែកវិស័យ​បាល់ទាត់ ជាមួយប្រទេស​អាល្លឺម៉ង់ផងដែរ។

គួរបញ្ជាក់ថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានធ្វើដំណើរ​ទៅដល់ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃអង្គារ ក្រោយបញ្ចប់​ទស្សនកិច្ចនៅរុស្ស៊ី នៅមុនចូលរួម​កិច្ចប្រជុំ G​20 នៅក្នុងទីក្រុង  Hamburg ប្រទេសអាល្លឺម៉ង់ នៅថ្ងៃសុក្រនេះ៕