(ប៉េកាំង)៖ មនុស្សសរុបចំនួន ៤៤នាក់កំពុងបន្តបាត់ខ្លួន ឬអាចបាត់បង់ជីវិត​ក៏ថាបាន បន្ទាប់ពីគ្រោះទឹកជំនន់​ដ៏អាក្រក់បាន​​វាយប្រហារ​លើខេត្ត Hunan ភាគកណ្តាល​ប្រទេសចិន។ នេះបើតាមការ​ឲ្យដឹងទីស្នាក់ការ​បង្ការគ្រោះទឹកជំនន់​ក្នុងតំបន់រងគ្រោះ ដក​ស្រង់​ដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៊ិនហួរ នៅព្រឹក​ថ្ងៃសុក្រ ទី០៧ ខែកក្កដា ឆ្នាំ២០១៧។

ទឹកភ្លៀងដែលបាន​បន្តធ្លាក់យ៉ាងខ្លាំងក្លា​នៅក្នុងស្រុក Ningxiang នៃខេត្ត Hunan ចាប់តាំងពីថ្ងៃទី២២ ខែកក្កដាមកនោះ បាន​បណ្តាល​​ឲ្យ​​តំបន់នេះ ទទួលរងគ្រោះ​មហន្តរាយធម្មជាតិ​ដ៏សែនអាក្រក់បំផុត មិនធ្លាប់មានក្នុងអំឡុងរយៈ​ពេល ៦០ឆ្នាំកន្លងទៅនេះ ខណៈមនុស្ស​​សរុបចំនួន ៤៤នាក់បានស្លាប់ ឬមួយក៏បាត់ខ្លួន។ ជាងនេះទៅទៀត ទីស្នាក់ការ​ដដែលបាន​​បញ្ជាក់​ថា មនុស្ស​ប្រហែល​៨១៥,០០០នាក់ ឬស្មើនឹង ៥៦ភាគរយនៃចំនួនប្រជាជន​សរុប​នៅក្នុងស្រុក Ningxiang បាន​បាត់​បង់​​លំ​នៅ​ឋាន​រួម​ជាមួយទ្រព្យ​សម្បត្តិ​​ផ្សេងៗទៀត​របស់ពួកគេ ដោយសារតែ​គ្រោះទឹកជំនន់នេះ។

ដោយឡែកនៅ​ក្នុងតំបន់​ស្វយ័ត Guangxi Zhuang ភាគខាងត្បូង​ប្រទេសចិនវិញ គ្រោះទឹកជំនន់​បានបណ្តាលឲ្យ​មនុស្ស ២០នាក់​ស្លាប់ និង ១៤នាក់បាត់ខ្លួន ហើយផ្ទះសម្បែង​ប្រមាណ ២០,០០០ខ្នងបានដួលរំលំខ្ទេចខ្ទីរ ឬរងការខូចខាតយ៉ាងដំណំ៕