(ម៉ិចស៊ីកូ)៖ អំពើហិង្សា​ដ៏សាហាវមួយបានផ្ទុះឡើង នៅក្នុងពន្ធនាគារមួយកន្លែង​ស្ថិតក្នុងទីក្រុង Acapulco នាថ្ងៃព្រហស្បតិ៍​សប្តាហ៍​នេះ (ពេលវេលា​នៅម៉ិចស៊ីកូ) ដែលបានបណ្តាល​ឲ្យអ្នកទោស​យ៉ាងតិចចំនួន ២៨នាក់ស្លាប់។ នេះបើតាមការ​ចេញផ្សាយដោយ​​ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹក​ថ្ងៃសុក្រ​ ទី០៧ ខែកក្កដា ឆ្នាំ២០១៧។

មន្រ្តីសន្តិសុខ​ប្រចាំរដ្ឋ Guerrero នៃប្រទេសម៉ិចស៊ីកូ​ លោក Roberto Alvarez បានប្រាប់ក្រុមអ្នក​សារព័ត៌មានថា អំពើហិង្សា​ខាងលើ​បានកើតមាន​ឡើងរវាង​ក្រុមបងធំ​ នៅក្នុង​ផ្នែកដែល​មានសន្តិសុខរិត​បន្តឹងខ្ពស់​បំផុត របស់ពន្ធនាគារ ហើយនៅក្នុង​ហេតុការណ៍​ដ៏​អាក្រក់នេះ ទណ្ឌិតចំនួន ២៨នាក់បាន​បាត់បង់ជីវិត និងបីនាក់ផ្សេង​ទៀតបានទទួល​រងរបួស។

គួរបញ្ជាក់ថា ហេតុការណ៍នេះ​គឺជារឿងដ៏អាម៉ាស់មួយ​សម្រាប់ម៉ិចស៊ីកូ ស្របពេលវា​បានកើតឡើងចំថ្ងៃតែមួយ ដែលរដ្ឋមន្រ្តីសន្តិ​សុខជាតិ​អាមេរិក លោក John Kelly បានបំពេញដំណើរ​ទស្សនកិច្ចនៅរដ្ឋ Guerrero ដែលស្ថិតនៅប៉ែក​ខាងនិរតី នៃប្រទេសអាមេរិក​​ខាងជើង​មួយនេះ៕