(ហុងកុង)៖ នាវាផ្ទុក​យន្តហោះ​ចម្បាំងចិន Liaoning បានធ្វើដំណើរមក​ដល់ទីក្រុងហុងកុង​ហើយ ​សម្រាប់ដំណើរ​ទស្សនកិច្ច​ជាលើកដំបូង​ ដើម្បីបង្ហាញពីកម្លាំងយោធានៅថ្ងៃសុក្រនេះ ហើយវាបានកើត​ឡើងតែ​ជាងមួយសប្ដាហ៍​ប៉ុណ្ណោះ បន្ទាប់ពីដំណើរ​ទស្សនកិច្ច​របស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង មកកាន់តំបន់​សេដ្ឋកិច្ចពិសេស​របស់ចិនមួយ​នេះ។ នេះបើតាមការចេញ​ផ្សាយដោយ​សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី០៧ ខែកក្កដា ឆ្នាំ២០១៧។

យោងតាម​ក្រុមមន្ត្រីចិន នាវាចម្បាំងចិន​ Liaoning មានប្រវែង​ ៣០៥ម៉ែត្រ ដែលនាវា​កែច្នៃពី​នាវាបន្សល់ទុក​ពីអតីតសហភាពសូវៀត បានមកដល់ទីក្រុង​ហុងកុងនៅម៉ោង ៧៖៣០នាទីព្រឹក (ម៉ោង​នៅក្នុងតំបន់)។ ជាងនេះទៅទៀត ក្រសួងការពារជាតិចិន​ក៏បានបញ្ជាក់ដែរថា ការមកដល់របស់​នាវាចម្បាំង Liaoning ដែលយកឈ្មោះ​តាមខេត្ត Liaoning នៃភាគឦសាន​ប្រទេសចិន​គឺជា ផ្នែកមួយនៃការ​បំពេញបេសកកម្ម​ជាទម្លាប់ធម្មតា​ប៉ុណ្ណោះ។

ទោះបីជាយ៉ាងណាក៏ដោយ បេសកកម្មនេះ​ធ្វើឡើងនៅ​ចំពេលសហរដ្ឋអាមេរិក​ បញ្ជូននាវាពិឃាត​ទៅកាន់តំបន់​ជម្លោះ​សមុទ្រចិនខាងត្បូង និងក្រោយពេល​ទីក្រុងវ៉ាស៊ីនតោន​ បានព្រមានប្រើកម្លំាងយោធា​ប្រឆាំង​កូរ៉េខាងជើង ដែលបាន​សាកល្បងមីស៊ីល​ផ្លោងឆ្លងទ្វីប ICBM កាលពីប៉ុន្មានថ្ងៃមុននេះ។

គួរបញ្ជាក់ដែរថា នៅអំឡុងទស្សនកិច្ច​អបអរសាទរខួប​លើកទី២០ ដែលអង់គ្លេស​ប្រគល់ហុងកុងមកឱ្យចិនវិញ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានព្រមានត្រង់ៗ ចំពោះការទាមទារឯករាជ្យ ឬការផ្ដាច់ខ្លួនពីចិន ដោយអះអាងទៀតថា ទីក្រុងប៉េកាំងនឹងមិនអត់ឱន ហើយក៏មិនបណ្តោយឱ្យរឿងបែបនេះ​កើតឡើងជា​ដាច់ខាត៕