(ញូយ៉ក)៖ ប្រទេសចិនកំពុងជំរុញយ៉ាងពេញទំហឹង ឱ្យកូរ៉េខាងជើង​គោរពតាមយ៉ាងខ្ជាប់ខ្ជួន នូវដំណោះស្រាយ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ និងជៀសវាង​រាល់ការធ្វើសកម្មភាព​ទាំងឡាយ ណា​ ដែលធ្វើឱ្យស្ថានភាពឧបទ្វីបកូរ៉េ​កាន់តែអាក្រក់ ខណៈដែលកូរ៉េខាងជើងនៅតែប្រកាន់ជំហររបស់ខ្លួនជាដរាបថា គ្មានថ្ងៃនឹងបោះបង់ចោល កម្មវិធីនុយក្លេអ៊ែរនោះឡើយ។ នេះបើតាមសម្តីអគ្គ​រដ្ឋទូតចិន​ប្រចាំ UN លោក Liu Jieyi ដកស្រង់ដោយ​ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៦ ខែកក្កដា ឆ្នាំ២០១៧។

ការថ្លែងបែបនេះ​របស់ លោក Liu Jieyi ធ្វើឡើងបន្ទាប់ពី​សហរដ្ឋអាមេរិក បានព្រមាន​ប្រើកម្លាំងយោធា​សាជាថ្មី​ ប្រឆាំងនឹង​ទីក្រុង​ព្យុងយ៉ាង។ លោក Liu Jieyi​ នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការបាញ់​សាកល្បង​មីស៊ីលផ្លោង ( ICBM)​ របស់​កូរ៉េខាងជើង កាលពីថ្ងៃអង្គារ បានរំលោភ​យ៉ាងធ្ងន់ធ្ងរ​ លើដំណោះស្រាយ​នៃ​ក្រុមប្រឹក្សា​សន្តិសុខ UN​ ព្រមទាំងប្រឆាំងទាំងស្រុង​នឹងឆន្ទៈ​របស់សហគមន៍​អន្តរជាតិ ដែលនេះគឺជា​ទង្វើមិនអាច​ទទួលយកបាន... ហើយចិន​នៅតែប្រកាន់​គោលជំហរ​ដដែល នោះគឺគ្មាន​អាវុធនុយក្លេអ៊ែរ នៅលើ​ឧបទ្វីបកូរ៉េ... ដូច្នេះចិនជំរុញ​យ៉ាងពេញ​ទំហឹង​ឱ្យកូរ៉េខាងជើង គោរពតាម​យ៉ាងខ្ជាប់ខ្ជួន​ ចំពោះដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខ UN​ និងជៀសវាង​រាល់ការ​ធ្វើសកម្មភាព​ទាំងឡាយណា ដែលធ្វើឱ្យ​ស្ថានភាព​ឧបទ្វីបកូរ៉េ កាន់តែអាក្រក់​ឡើង»

ទន្ទឹមគ្នានោះដែរ​ទីក្រុងប៉េកាំង ក៏អំពាវនាវ​ឱ្យបណ្ដាប្រទេស​ពាក់ព័ន្ធទាំងអស់ រក្សាភាពស្ងប់ស្ងាត់ និងមានការ​អត់ធ្មត់ខ្ពស់»។ យ៉ាងមិញបើ​តាមក្រុមអ្នកជំនាញ វិបត្តិនៅ​ឧបទ្វីបកូរ៉េ ទំនងជា​នឹងមិនអាច​ត្រូវបានដោះស្រាយ​ក្នុងពេលឆាប់ៗ​នោះឡើយ ត្បិត​ទំាងចិន រុស្ស៊ី និងសហរដ្ឋអាមេរិក​ សុទ្ធតែមាន​ផលប្រយោជន៍​យុទ្ធសាស្រ្តរៀងៗ​ខ្លួននៅលើ​ឧបទ្វីបកូរ៉េ ជាឧទាហរណ៍​កងទ័ពអាមេរិក​ជាង ២០,០០០នាក់ កំពុងឈរជើងនៅកូរ៉េខាងត្បូង ដូច្នេះបើ​ទោះបីជាចិន និងរុស្ស៊ីមិនសូវពេញចិត្តនឹង​កូរ៉េខាងជើង នារយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយ​នេះក៏ដោយ ក៏មហាអំណាច​ទាំងពីរ​នេះ នៅតែត្រូវការ​កូរ៉េខាងជើង​ជាដាច់ខាត ដើម្បីទប់ទល់​ការពង្រីកឥទ្ធិពល​យោធា​អាមេរិក​នៅក្នុងតំបន់ ហើយភាព​ចាំបាច់នេះ ក៏ធ្លាប់បានបង្ហាញរួចហើយ​នៅអំឡុងសង្រ្គាម​កូរ៉េ (ឆ្នាំ១៩៥០-១៩៥៣)។​   

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ​កន្លងទៅ ចិន និងរុស្ស៊ីដែលជា​ខ្នងបង្អែកដ៏ធំរបស់​របបដឹកនាំ លោក គីម ជុងអ៊ុន បានចេញ​សេចក្ដីថ្លែងការណ៍​រួមមួយ ដោយថ្កោលទោស​យ៉ាងខ្លាំង​ចំពោះការ​បាញ់សាកល្បង​មីស៊ីល ពីសំណាក់កូរ៉េខាងជើង និងស្នើឱ្យ​កូរ៉េខាងត្បូង រួមទាំង​សហរដ្ឋអាមេរិក បញ្ឈប់ការធ្វើ​សមយុទ្ធយោធា។ ប៉ុន្តែមួយថ្ងៃក្រោយមក ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល នៅតែ ដឹកនាំ​ការធ្វើសមយុទ្ធយោធាសំញែងសាច់ដុំដាក់កូរ៉េខាងជើង​ដដែល ខណៈ​លោក គីម ជុងអ៊ុន បានអះអាង​ជាថ្មីថា នឹងមិនបោះបង់​ចោល​អាវុធនុយក្លេអ៊ែរ​ជាដាច់ខាត៕