(រ៉ង់ហ្គូន)៖ ពលករចំណាក​ស្រុកខុសច្បាប់មីយ៉ាន់​ម៉ាទៅប្រទេស​សរុប ៣៤,០៦៩នាក់ហើយ បានវិលត្រឡប់​មកកាន់ស្រុក​កំណើត​របស់​ពួកគេវិញ​ គិតត្រឹមថ្ងៃពុធសប្តាហ៍នេះ ទោះបីជា​អាជ្ញាធរថៃ​បានប្រកាស​ពន្យាពេល ការអនុម័តច្បាប់​រឹតបន្តឹងថ្មី​ ជុំវិញបញ្ហាពល​ករ​ចំណាកស្រុបមកពីបណ្តា​ប្រទេសជិតខាង ដែលត្រូវបាន​ដាក់ចេញ​កាលពីសប្តាហ៍​មុនក៏ដោយ។ នេះបើតាម​ព័ត៌មានពីក្រសួង​ការងារ និង​អន្តោប្រវេសន៍មីយ៉ាន់ម៉ា ដកស្រង់ដោយ​ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី០៦ ខែកក្កដា ឆ្នាំ២០១៧។

ច្បាប់ដែល​មានគោលដៅទប់ស្កាត់បញ្ហា​ជួញដូរមនុស្ស និងរឹងបន្តឹង​លើពលករចំណាក​ស្រុកមកពីបរទេស​នៅក្នុង​ប្រទេសថៃនោះ បានបង្កភាព​វឹកវរ​ជាខ្លាំង និងបានបណ្តាល​ឲ្យពលករ​ចំណាកស្រុក​ជាង ៦០,០០០នាក់ បង្ខំចិត្តប្រញាប់​ប្រញាល់​ភៀសខ្លួនចាកចេញ​ពីប្រទេស​អាស៊ានមួយនេះ ដែលភាគច្រើន​ក្នុងចំណោមនោះ​មកពី ​មីយ៉ាន់ម៉ា ឡាវ និងកម្ពុជា។ ហើយអនុក្រឹត្យ​ថ្មីនេះ នឹងធ្វើ​ការ​ផាក​ពិន័យ​យ៉ាងធ្ងន់ធ្ងរ​ទាំងលើនិយោជក និងពលករ​ដែលគ្មានប័ណ្ណអនុញ្ញាតការងារត្រឹមត្រូវ។

ប្រការនេះបានធ្វើ​ឲ្យកកស្ទះ​ដល់ទីភ្នាក់ងារសង្គម​ស៊ីវិលជាច្រើន និងបណ្តាល​ឲ្យការឆ្លងកាត់ព្រំដែនមានភាពយឺតយ៉ាវយ៉ាង​ជាខ្លាំង ដោយ​សារតែ​ច្រកព្រំដែន​បានកំណត់​ឲ្យមនុស្ស​ចំនួនត្រឹមតែ ១០០នាក់ប៉ុណ្ណោះ អាចធ្វើដំណើរ​ឆ្លងកាត់បានក្នុងថ្ងៃ ដែលបាន និងកំពុងបង្ក​ទុក្ខលំបាក​ដល់ជនចំណាក​ស្រុកមីយ៉ាន់ម៉ា​ជាច្រើននាក់ ដែលពុំមាន​ស្បៀងអាហារ និងបរិក្ខាសម្រាប់ស្នាក់​អាស្រ័យគ្រប់គ្រាន់ ស្រប​ពេលកំពុងរង់ចាំ​ឆ្លងព្រំដែនមក​កាន់មាតុភូមិវិញ។

គួរបញ្ជាក់ថា ពលករស្រប​ច្បាប់ប្រហែល ០៤លាននាក់ និងពលករខុសច្បាប់មួយលាន ដែលបានធ្វើ​ចំណាកស្រុកពី​ប្រទេសមីយ៉ាន់​ម៉ា និងត្រូវគេរាយការណ៍ថា កំពុងស្ថិតក្នុងប្រទេសថៃ ខណៈកម្ពុជា​ក៏មានចំនួនពលករចំណាក​ស្រុកមិនសូវជា​តិចប៉ុន្មាននោះដែរ ដែល​ស្ថិតនៅក្នុង​ប្រទេសថៃ៕