​(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក​នៅថ្ងៃពុធសប្ដាហ៍នេះ បានព្រមានចិនត្រង់ៗ​តែម្ដងថា ទីក្រុងប៉េកាំងអាចនឹងប្រឈមមុខ​​ហានិភ័យពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក បើសិនជា​ការធ្វើពាណិជ្ជកម្ម របស់ទីក្រុងប៉េកាំង​ជាមួយកូរ៉េខាងជើង​ រំលោភលើដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ (UN)។ នេះបើតាមអគ្គរដ្ឋទូត​អាមេរិកប្រចាំ UN លោកស្រី Nikki Haley ដកស្រង់ដោយ​ទីភ្នាក់ងារសារព័ត៌មាន AP នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែកក្កដា ឆ្នាំ២០១៧។

ការលើកឡើងបែបនេះ​របស់ លោកស្រី Nikki Haley ធ្វើឡើងនៅក្នុងកិច្ចប្រជុំ​បន្ទាន់នៃក្រុមប្រឹក្សា​សន្តិសុខ UN បន្ទាប់ពី​ទីក្រុងព្យុងយ៉ាង​បានបាញ់​សាកល្បង «មីស៊ីលផ្លោងឆ្លងទ្វីប ICBM» ដោយជោគជ័យ​ ដែលត្រូវ​បានលោកស្រី​ផ្ទាល់ចាត់ទុកថា អាចនឹងធ្វើ​ឱ្យពិភពលោក​ធ្លាក់ក្នុងរណ្ដៅ​គ្រោះថ្នាក់ រីឯចិន​គឺនៅតែជាកូនសោរដ៏សំខាន់មួយ ដែលអាចជួយលើកកម្ពស់សន្តិភាព។

ប៉ុន្តែព្រមពេល​ជាមួយគ្នា លោកស្រី​ក៏បានគូសបញ្ជាក់​យ៉ាងដូច្នេះដែរថា «​ចិនគឺជាអ្នកទទួលខុសត្រូវ ៩០ភាគរយ​នៃពាណិជ្ជកម្ម​របស់កូរ៉េខាងជើង ហើយចង់ ឬមិនចង់ មិនថាទីក្រុងប៉េកាំង ឬប្រទេស​ដទៃនោះ​ទេ នឹងត្រូវប្រឈមមុខ​នឹងហានិភ័យ​ពាណិជ្ជកម្ម​ជាមួយសហរដ្ឋអាមេរិក បើសិនជាការ​ធ្វើពាណិជ្ជកម្ម​របស់ពួកគេ​ជាមួយកូរ៉េខាងជើង រំលោភលើ​ដំណោះស្រាយ​ក្រុមប្រឹក្សា​សន្តិសុខអង្គការ សហប្រជាជាតិ (UN)... ជាងនេះទៅទៀត​គោលជំហររបស់​ពួកយើងនឹងផ្លាស់ប្ដូរ នៅពេលដែល​បណ្ដាប្រទេស​ទំាងនោះ មិនបានគិតគូរ​ពេញទំហំ​លើសន្តិសុខ​ពិភពលោក​ទេនោះ»

គួរបញ្ជាក់ថា ក្រៅតែពីព្រមាន​ដាក់ទណ្ឌកម្ម​បន្ថែម លោកស្រី Nikki Haley ​អះអាងជា​ថ្មីឡើងវិញ​ថា នឹងប្រើប្រាស់​កម្លាំងយោធា​ប្រឆាំងនឹង​កូរ៉េខាងជើង​នៅក្នុងករណី​ចាំបាច់៕