(ហូឡង់)៖ ជនសង្ស័យទាំងប៉ុន្មានដែលត្រូវ​បានចោទប្រកាន់​ ពីបទ​បាញ់​ទម្លាក់យន្តហោះដឹកអ្នកដំណើរ មានជើង​ហោះហើរ MH17 របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​ កាលពីឆ្នាំ២០១៤នោះ នឹងត្រូវកាត់​ទោស​នៅក្នុង​តុលាការ​​នៃប្រទេសហូឡង់ នាពេលឆាប់ៗ​មុខនេះហើយ។ នេះបើតាម​​សេចក្តីប្រកាស​​របស់​​ក្រសួងការបរទេស​ហូឡង់ ដកស្រង់​ដោយ​​សារព័ត៌មាន Euro News នៅរសៀល​ថ្ងៃពុធ ទី០៥ ខែកក្កដា ឆ្នាំ២០១៧។

សេចក្តីប្រកាសនេះ​ត្រូវបានធ្វើឡើង តាមការសម្រេចចិត្តរបស់ប្រទេសទាំងប្រាំ រួមានអូស្រ្តាលី ប៊ែលហ្សិក ម៉ាឡេស៊ី អ៊ុយក្រែន និង​ហូឡង់ បន្ទាប់ពីមាន​ការប៉ុនប៉ងបង្កើតតុលាការ​អន្តរជាតិមួយ ដែលត្រូវបាន​រារាំងដោយ​ប្រទេសរុស្ស៊ី​ កាលពីឆ្នាំ​២០១៥ ។ យ៉ាងណាមិញ​ដោយ​សារ​តែ​​ការ​ស៊ើប​អង្កេត​​ព្រហ្មទណ្ឌ នៅតែបន្តប្រព្រឹត្ត​ទៅមិនទាន់ចប់​សព្វគ្រប់នោះ កាលបរិច្ឆេទ​ចាប់ផ្តើមនៃ​សវនការ​សំណុំរឿងនេះ មិន​ទាន់​ត្រូវ​បាន​ដឹង​ច្បាស់​នោះទេ ហើយក៏ពុំទាន់​មានឈ្មោះរបស់​ជនសង្ស័យណាម្នាក់ ត្រូវបានបញ្ជាក់​ឲ្យដឹងផងដែរ។

យន្តហោះ MH17 របស់អាកាសចរណ៍​ម៉ាឡេស៊ី បានធ្លាក់នៅក្នុង​តំបន់ភាគខាងកើត​នៃប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ​២០១៤ នៅពេលដែលវា​កំពុងធ្វើដំណើរ​ពីទីក្រុង Amsterdam រដ្ឋធានីរបស់ហូឡង់ ឆ្ពោះទៅកាន់រដ្ឋធានី​គូឡាឡាំពួ​នៃប្រទេសម៉ាឡេស៊ី ជាមួយអ្នកដំណើរចំនួន ២៨៣នាក់ និងសហសេវិក​ចំនួន ១៥នាក់។ ជនរងគ្រោះទាំងអស់​នៅក្នុងសោកនាដកម្ម​ដ៏អាក្រក់នោះ មកពីប្រទេស​ចំនួន ១៧ខុសៗគ្នា តែចំនួន ១៩៦នាក់គឺជាជនជាតិហូឡង់។

គួរបញ្ជាក់ថា ក្រោយមក​ក្រុមស៊ើបអង្កេតចម្រុះ JIT ដែលរួមមាន​ប្រទេសទាំង​០៥ខាងលើ ត្រូវបានបង្កើតឡើង ដើម្បីកំណត់អត្តសញ្ញាណ​​ជនសង្ស័យ​ ដែលនៅពីក្រោយ​ហេតុការណ៍ធ្លាក់​យន្តហោះនេះ និងដើម្បីប្រមែប្រមូល​ភស្តុតាងផ្សេងៗ ដើម្បីប្រើប្រាស់​នៅក្នុងតុលាការ។ ដោយឡែក​កាលពីខែតុលា ឆ្នាំ២០១៥ គណៈកម្មការ​សន្តិសុខហូឡង់ បានធ្វើការ​សន្និដ្ឋានថា យន្តហោះដឹក​អ្នកដំណើរ​ដ៏អភ័ព្វនោះ ត្រូវ​បានបាញ់ទម្លាក់​ដោយ​គ្រាប់រ៉ុក្កែត ដែលផលិត​ឡើងដោយរុស្ស៊ី។ ម៉្យាងវិញទៀត ក្រុមអ្នកស៊ើបអង្កេត​បានអះអាងថា គ្រាប់រ៉ុក្កែតនោះ​ត្រូវបានបាញ់​ចេញពីក្នុងទឹកដី ដែលស្ថិតក្រោម​ការគ្រប់គ្រង​របស់ ក្រុមចង់ផ្តាច់រដ្ឋគាំទ្រ​ប្រទេស​រុស្ស៊ី៕