(ម៉ានីល)៖ ស្ថានប័នឯករាជ្យ​មួយរបស់រដ្ឋាភិបាល​ទីក្រុងម៉ានីល បានលើកឡើងពីក្តីព្រួយបារម្ភខ្លាំង ជុំវិញកង្វះខាត​នៃសត្វសុនខយោធា ដែលប្រើសម្រាប់ការពារប្រធា​នាធិបីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ និងបណ្តា​មេដឹកនាំ​បរទេស ដែលមក​បំពេញដំណើរ​ទស្សនកិច្ច នៅ​ក្នុង​ប្រទេស​អាស៊ាន​មួយនេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅរសៀល​ថ្ងៃពុធ ទី០៥ ខែកក្កដា ឆ្នាំ២០១៧។

ក្តីកង្វល់នេះបាន​កើតមានឡើង​០២ករណី ស្របពេលដែលហ្វីលីពីនក្នុងនាម​ជាប្រធាន​ នៃសមាគម​ប្រជាជាតិអាស៊ីអាគ្នេយ៍​ឆ្នាំ២០១៧នេះ បាន​ធ្វើជា​​ម្ចាស់ផ្ទះ​នៃកិច្ច​ប្រជុំអាស៊ានសំខាន់ ក៏ដូចជាកិច្ច​ប្រជុំដទៃផ្សេង​ទៀត ទាក់ទងនឹង​បញ្ហាអាស៊ាន​ជាបន្តបន្ទាប់មក។ គណៈកម្មការ​ត្រួតពិនិត្យ COA របស់​ហ្វីលីពីន បានលើកឡើង​នៅក្នុងសេចក្តីរាយការណ៍​មួយនាពេលថ្មីៗ​នេះថា កងការពារ​សន្តិសុខ​ប្រធានាធិបតី (PSG) ដែលមាន​​ភារកិច្ចចម្បង​ ក្នុងការផ្តល់​សន្តិសុខ​យ៉ាងពេញ​ទំហឹង ជូនមេដឹកនាំ​ហ្វីលីពីន រួមទាំងប្រមុខ​រដ្ឋាភិបាល​បរទេស ដែលមក​បំពេញដំណើរ​​ទស្សនកិច្ច​នៅហ្វីលីពីន​នោះ បាននិង​កំពុងធ្វើ​ប្រតិបត្តិការ​ដោយ​មានចំនួន​សត្វសុនខ​សន្តិសុខ តិចជាង​ចំនួនជា​អប្បបរមា ដើម្បី​បំពេញការងារ​ឲ្យបាន​ត្រឹមត្រូវ។

នៅក្នុង​សេចក្តីរាយការណ៍​ចេញផ្សាយកាលពី​ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧នេះ COA បាន​ឲ្យដឹងថា PSG មានសត្វសុនខ​សន្តិសុខត្រឹម​តែ​ ២០ក្បាលប៉ុណ្ណោះ ឬមានចំនួន ០៥ក្បាលតិចជាង​ចំនួនកំណត់ ២៥ក្បាល ដែលតម្រូវ​ឲ្យការពារ​លោក​ប្រធានាធិបតី តាម​រយៈប្រតិបត្តិការ​​ស្វែងរកវត្តមានគ្រាប់បែក​ជាដើម។ គណៈកម្មការ COA បាន​បន្តថា សុនខចំនួន ០៥ក្បាលទៀត នឹងចូលនិវត្តន៍​នៅឆ្នាំ២០១៨ នៅពេល​ឈានដល់​ឆ្នាំទី០៨​នៃការបម្រើការងារ ហើយប្រការហេតុនេះ​​នឹងបន្សល់ទុកឲ្យ PSG នៅសល់តែសត្វសុនខ​តែ ១៥ក្បាលប៉ុណ្ណោះ ដូច្នេះកាតព្វកិច្ច​ចម្បង​របស់ PSG ក្នុងការធានា​រក្សាសុវត្ថិភាព​ ជូនលោកប្រធានាធិបតី ប្រហែលជា​នឹងមិនអាចអនុវត្តន៍​ទៅ ប្រកបដោយប្រសិទ្ធភាព​នោះឡើយ។

ឆ្លើយតបចំពោះ​សេចក្តីរាយការណ៍​សាវនកម្មខាងលើ កងកម្លាំង PSG បានបញ្ជាក់ថា ខ្លួនបានដាក់​សំណើ​ដើម្បី​សុំប្រាក់ឧបត្ថម្ភ​បន្ថែម នៅ​ក្នុងកញ្ចប់​ថវិកាឆ្នាំ២០១៧​របស់ខ្លួនហើយ ដើម្បីទិញ​សត្វសុនខ​សន្តិសុខចំនួន ១១ក្បាលថែមទៀត ក៏ប៉ុន្តែសំណើ​របស់ពួកគេ​មិនត្រូវបាន​ពិចារណា​ដោយថ្នាក់លើ​នោះទេ។ ក្រៅពីនេះ PSG បាន​បន្ថែមថា ខ្លួនថែមទាំង​បានដាច់ចិត្ត​ សុំខ្ចីសុនខចំនួន​០៤ក្បាល​ពីខាងកងទ័ពហ្វីលី​ពីនទៀតផង៕