(ម៉ានីល)៖ ក្រុមឧទ្ទាមដ៏​មានឥទ្ធិពលនៅភាគខាងត្បូង​ប្រទេស​ហ្វីលីពីន បានកាត់ក្បាល​ជនជាតិវៀតណាម​​ចំនួន​០២នាក់ ក្រោយពីពួកគេ​ត្រូវបានចាប់ជម្រិតនាអំឡុងខែវិច្ឆិកា ឆ្នាំ២០១៦ ហើយទង្វើដ៏​ព្រៃផ្សៃ​នេះ ត្រូវបានធ្វើឡើង​​អំឡុងពេល​ដែលសង្គ្រាម​រវាងកងទ័ពហ្វីលីពីន និងក្រុមឧទ្ទាមគាំទ្រ ISIS មានឈ្មោះថា Maute ដែលជាសម្ព័ន្ធ​របស់ក្រុម អាប៊ូ សាយយ៉ាហ្វ បន្តផ្ទុះឡើងនៅទីក្រុង Marawi នៃខេត្តមីដាណាវ ដែលឈានចូល​ដល់រយៈពេលជាងមួយខែទៅហើយ។ នេះបើតាម​ការចេញផ្សាយដោយ Channel News Asia ដកស្រង់​ពីបណ្តាញ​ព័ត៌មាន AFP នាព្រឹកថ្ងៃពុធ ទី០៥ ខែកក្កដា ឆ្នាំ២០១៧។

យោងតាមប្រភពពីមន្ត្រីយោធាហ្វីលីពីនបានឲ្យដឹងទៀតថា កងកម្លាំងបានរកឃើញសាកសពរបស់ជនជាតិ​វៀតណាមទាំងពីរនាក់ នៅព្រឹកថ្ងៃពុធនេះតែម្តង ស្ថិតនៅលើកោះ Basilan ដែលជាតំបន់ឈរជើងដ៏រឹងមាំរបស់​ក្រុម អាប៊ូ សាយយ៉ាហ្វ ស្ថិតនៅប្រជុំកោះ​ភាគខាងត្បូង​ហ្វីលីពីន។ អ្នកនាំពាក្យ​យោធាហ្វីលីពីន លោក Jo-Ann Petinglay បានប្រាប់ AFP ថា «នេះជាចំណាត់ការដ៏ព្រៃផ្សៃរបស់ពួក អាប៊ូ សាយយ៉ាហ្វ ក្រោយពីដឹងថា ពួកគេមិនបានទទួលផលចំណេញអ្វីពីការចាប់ជម្រិតនេះ»

គួរបញ្ជាក់ថា ជនជាតិវៀតណាមដែលត្រូវបានកាត់ក្បាលទាំងពីរនាក់ខាងលើនេះ ត្រូវបានចាប់ជម្រិតកាលពីខែ​វិច្ឆិកា ឆ្នាំ២០១៦ ជាមួយនឹងក្រុមរបស់ពួកគេ ០៤នាក់ផ្សេងទៀតពីលើទូកនេសាទដែលពួកគេជិះនៅ​ក្បែរកោះ​មីនដាណាវ នៃភាគខាងត្បូងប្រទេស​ហ្វីលីពីន។ បន្ថែមពីនេះ​មានតែជនជាតិវៀតណាម​ម្នាក់​ប៉ុណ្ណោះ ដែលត្រូវបានជួយ​សង្គ្រោះឲ្យមានសេរីភាពវិញ ខណៈ០៣នាក់ទៀតនៅបន្តជាចំណាប់ខ្មាំង​ដដែល និង០២នាក់​ទើបតែត្រូវបានរកឃើញ​​សាកសពនាពេលនេះ។ បច្ចុប្បន្នក្រុមឧទ្ទាម អាប៊ូ សាយយ៉ាហ្វ មានចំណាប់ខ្មាំង ២២នាក់នៅក្នុងដៃ ដោយក្នុង​នោះ ១៦នាក់ជាជនបរទេស។

គួររំលឹកថា កាលពីខែកុម្ភៈកន្លងទៅនេះ ជនជាតិអាល្លឺម៉ង់ម្នាក់ឈ្មោះ Jurgen Kantner អាយុ ៧០ឆ្នាំ ត្រូវបាន​ក្រុមឧទ្ទាមខាងលើនេះកាត់ក្បាល ក្រោយពីការទាមទារប្រាក់ជម្រិត ៦០០,០០០ដុល្លារមិនបានសម្រេច៕