​(វ៉ាស៊ីនតោន)៖​ សហរដ្ឋអាមេរិក​នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅ​សហរដ្ឋអាមេរិក) បានប្រារព្ធពិធីបុណ្យ​ឯករាជ្យជាតិ Independent Day ជាមួយនឹង​ការរៀបចំពិធី​ដ៏សប្បាយ​រីករាយតាម រយៈការប្រកួត​ប្រជែង​ញុំា hot-dog និងទស្សនា​ការបាញ់កាំជ្រួចចំរុះពណ៌​នៅទូទំាង​រដ្ឋទាំង៥០តែម្តង។ នេះបើតាមការ​ចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មាន R​euters នៅព្រឹកថ្ងៃពុធ ទី០៥ ខែកក្កដា ឆ្នាំ២០១៧។

Independent Day ត្រូវបាន​ធ្វើឡើងជារៀង​រាល់ឆ្នាំ​ នៅថ្ងៃទី០៤ ខែកក្កដា ដោយមាន​ការរៀបចំ​ពិធីដ៏សប្បាយ​រីករាយ​ តាមរយៈការប្រកួតប្រជែងញុំា hot-dog និងទស្សនា​ការបាញ់កាំជ្រួច ចំរុះពណ៌​នៅទូទំាង​ប្រទេស។ ប៉ុន្តែទន្ទឹមនឹងភាពសប្បាយរីករាយនេះ នៅឯកូរ៉េខាងជើងវិញ ក៏មានការបាញ់កាំជ្រួចដែរ នោះគឺកាំជ្រួចផ្លោងឆ្លងទ្វីប ICBM ដែលបាន​និងកំពុងធ្វើ​ឱ្យរដ្ឋបាល​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ស្វះស្វែង​រកវិធានការឆ្លើយតប និងកោះប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ជាបន្ទាន់ ដើម្បីឆ្លើយតប​នឹងទង្វើផ្គើន​រំលោភលើ​ដំណោះស្រាយ UN ម្ដងហើយម្ដងទៀត​របស់កូរ៉េខាងជើង។

ងាកមកពិធីបុណ្យឯករាជ្យអាមេរិក​ក្នុងឆ្នាំនេះវិញ គឺ​បានប្រព្រឹត្តទៅក្រោមការរឹតបន្តឹង​សន្តិសុខយ៉ាងខ្លាំង​ តាមបណ្តារដ្ឋ និងទីក្រុងមួយចំនួនដូចជា Boston, New York, Philadelphia និង Washington សំដៅ​ទប់ស្កាត់ការ​វាយប្រហារ​ភេរវកម្ម នៅអំឡុងពេល​មនុស្សម្នា​នំាគ្នាទស្សនា​ការបាញ់កាំជ្រួច ហើយដែលពិធីបុណ្យ​នេះ​បានដំណើរការ ទៅដោយគ្មានបញ្ហាអ្វីធំដុំកើតឡើងនោះទេ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក​តែងតែប្រារព្ធពិធីបុណ្យជាតិ Independent Day ជារៀងរាល់ឆ្នាំនៅថ្ងៃទី០៤ ខែកក្កដា រំលឹកដល់ការទទួល​ឯករាជ្យទាំងស្រុងនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ១៧៧៦ ពីចក្រភពអង់គ្លេស៕