(សេអ៊ូល)៖ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល​បានធ្វើសមយុទ្ធយោធា​រួមគ្នា ដែលក្នុង​គ្រានោះសម្ព័ន្ធមិត្ត​ទាំងពីរ បានបាញ់មីស៊ីល​ទៅ​ទៅកាន់ដែនទឹក​របស់កូរ៉េខាងត្បូង ស្ថិតក្នុង​សមុទ្រជប៉ុន ដើម្បីជា​ការឆ្លើយតប​ចំពោះការធ្វើ​តេស្តមីស៊ីល​ផ្លោង​ ថ្មី​ចុងក្រោយបំផុត​របស់​​កូរ៉េ​ខាងជើង។ នេះបើតាម​សេចក្តីថ្លែងការណ៍​របស់កង​កម្លាំង​អាមេរិក-កូរ៉េខាងត្បូង (USFK) ដកស្រង់​ដោយ​សារព័ត៌មានរុស្ស៊ី Sputnik នៅ​ព្រឹក​​ថ្ងៃពុធ ទី០៥ ខែកក្កដា ឆ្នាំ២០១៧។

សេចក្តីថ្លែងការណ៍​ខាងលើបាន​បញ្ជាក់យ៉ាងដូច្នេះថា «កងទ័ពអាមេរិក និងសាធារណរដ្ឋកូរ៉េ​​បានប្រារព្ធ​ព្រឹត្តការណ៍​រួមគ្នាមួយ ស្តីពី​ការ​​ហ្វឹក​ហាត់​ប្រើប្រាស់សព្វាវុធ ដើម្បីទប់ទល់​នឹងសកម្មភាព​បង្កអស្ថិរភាព និងខុសច្បាប់​របស់​ប្រទេស​កូរ៉េខាងជើង កាលពី​ថ្ងៃទី០៤ ខែកក្កដា ម្សិល​​មិញ​នេះ​។ ក្នុងឱកាស​នៃការធ្វើ​សមយុទ្ធនេះ មានការ​សាកល្បង​ប្រព័ន្ធមីស៊ីល​យុទ្ធសាស្រ្ត ATACM របស់អាមេរិក និងប្រព័ន្ធ Hyunmoo Missile II របស់​សាធារណរដ្ឋកូរ៉េ ដែលបាន​បាញ់គ្រាប់​មីស៊ីលជាច្រើនគ្រាប់ ទៅកាន់ដែន​ទឹករបស់​កូរ៉េខាងត្បូង នៅតាម​បណ្តោយ​ឆ្នេរខាង​​កើត​»

ប្រទេសកូរ៉េខាងជើង បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួនបានបាញ់ធ្វើតេស្តគ្រាប់មីស៊ីលផ្លោងឆ្លងទ្វីប ICBM មានឈ្មោះថា Hwasong-14 ជាលើកដំបូងរបស់ខ្លួន ប្រកប​ដោយជោគជ័យ។ ទីក្រុងព្យុងយ៉ាង បានបញ្ជាក់ទៀតថា មីស៊ីលនោះធ្វើដំណើរបានចម្ងាយ ៩៣៣គីឡូម៉ែត្រ និងបានហោះឡើងដល់ក្នុងរយៈកម្ពស់ ២,៨០០គីឡូម៉ែត្រ ក្នុងអំឡុងការហោះហើររយៈពេល៣៩នាទីរបស់វា នៅមុនពេលបានវាយប្រហារ​ចំគោលដៅ ១០០ភាគរយ​នៅលើសមុទ្រជប៉ុន។

ជុំវិញការអះអាងនេះ ទីក្រុងវ៉ាស៊ីនតោន ក៏បានចេញមុខ​ទទួលស្គាល់ផងដែរថា វាគឺជាការធ្វើ​តេស្តមីស៊ីលផ្លោង​អន្តរទ្វីប ICBM ជាលើកដំបូង របស់​កូរ៉េខាងជើង។ បន្ថែមពីនោះចិនដែលជាសម្ព័ន្ធមិត្តទីក្រុងព្យុងយ៉ាង ក៏បានថ្កោលទោសផងដែរចំពោះសកម្មភាពកូរ៉េខាងជើង ប៉ុន្តែខ្លួនបែរជាអំពាវនាវឲ្យគ្រប់គ្នារក្សាការអត់ធ្មត់ ដើម្បីកុំឲ្យស្ថានការណ៍ក្នុងតំបន់កាន់តែយ៉ាប់យ៉ឺនជាងនេះ៕