​(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក​បានទទួលស្គាល់​ហើយថា កូរ៉េខាងជើង ពិតជាបាន​បាញ់សាកល្បង​មីស៊ីលផ្លោង​ឆ្លងទ្វីប ICBM ប្រាកដមែន ខណៈក្រុម​មន្ត្រីអាមេរិក​ខ្លះជឿជាក់​ថា ចាប់ពី ពេលនេះតទៅទីក្រុងព្យុងយ៉ាង អាចនឹងមានលទ្ធភាពបាញ់ផ្លោងមីស៊ីលប្រភេទនេះដល់រដ្ឋ Alaska ភាគពាយ័ព្យសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃពុធ ទី០៥ ខែកក្កដា ឆ្នាំ២០១៧។

កាលពីថ្ងៃអង្គារ​ម្សិលមិញ កូរ៉េខាងជើង​បានប្រកាសថា ខ្លួនបានបាញ់​សាកល្បង​ប្រកបដោយ​ជោគជ័យ នូវមីស៊ីល​ផ្លោង​ឆ្លងទ្វីប Hwasong-14 ក្រោម​ការត្រួត​ពិនិត្យ​ដោយផ្ទាល់​ ពីសំណាក់​មេដឹកនាំកំពូល លោក គីម ជុងអ៊ុន។ គ្រាប់មីស៊ីលនេះ​ត្រូវបាន​ធ្វើតេស្ដ​នៅម៉ោងប្រមាណ ៩៖៤០នាទីព្រឹក (ម៉ោង​នៅទីក្រុង​សេអ៊ូល) ចេញពី​តំបន់ Panghyon នៃខេត្ត Pyongan ខាងជើង ហើយវា​អាចរត់បាន​ចំងាយ ៩៣៣​គីឡូម៉ែត្រ ព្រមទាំង​អាចហោះ​បានរយៈកម្ពស់​ដល់ទៅ ២,៨០២គីឡូម៉ែត្រ ក្នុងរយៈពេល ៣៩នាទី មុននឹងធ្លាក់​ចូលសមុទ្រ​ខាងកើត ឬសមុទ្រជប៉ុន។

ភ្លាមៗបន្ទាប់ពីចាប់បានសញ្ញានៃការបាញ់នោះ សហរដ្ឋអាមេរិក និងរុស្ស៊ីមិនបាន​ទទួលស្គាល់​ការអះអាងនេះ​ឡើយ ដោយថែម​ទាំងបញ្ជាក់​ទៀតថា មីស៊ីលនោះ​គ្រាន់តែជា​មីស៊ីលផ្លោង​រយៈចំងាយ​មធ្យមប៉ុណ្ណោះ។ ដោយ ឡែកនៅ​ក្នុងសេចក្ដីថ្លែងការណ៍​របស់ខ្លួននៅ​ថ្ងៃពុធនេះ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក រិច ធីល្លឺសុន បានទទួល​ស្គាល់ហើយថា កូរ៉េខាងជើង​ពិតជាបាន​បាញ់សាកល្បង​មីស៊ីល​ផ្លោងឆ្លង​ទ្វីប ICBM ប្រាកដមែន ព្រមទាំងបាន​ថ្កោលទោស​ក៏ដូចជាហៅ​ទង្វើនេះថា គឺជាការគំរាម​កំហែង​ដល់​សហរដ្ឋអាមេរិក និងពិភពលោក​ទំាងមូល ហើយទីក្រុងវ៉ាស៊ីនតោន​គ្មានថ្ងៃទទួល​ស្គាល់ អាវុធ​នុយក្លេអ៊ែរ កូរ៉េខាងជើង​ជាដាច់ខាត...។

គួរបញ្ជាក់ថា ដើម្បីជា​ការឆ្លើយតប​ចំពោះការធ្វើ​តេស្តមីស៊ីល​ផ្លោង​ថ្មីចុងក្រោយបំផុត របស់​​កូរ៉េ​ខាងជើង ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល​នៅថ្ងៃពុធនេះ បានធ្វើ​សមយុទ្ធយោធា​រួមគ្នាសំញែងសាច់ដុំដាក់ ទីក្រុងព្យុងយ៉ាង ហើយដែលនេះ​គឺជាការទាត់ចោល​ដោយប្រយោល​ នូវសំណើពីភាគីរុស្ស៊ី និងចិន ដែលស្នើឱ្យបញ្ឈប់​ការធ្វើសមយុទ្ធយោធា​នៅឧបទ្វីបកូរ៉េ៕