(អ៊ីស្រាអ៊ែល)៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានធ្វើដំណើរទៅដល់ ប្រទេសអ៊ីស្រាអ៊ែលហើយ នៅថ្ងៃអង្គារនេះ ដោយវាគឺជាដំណើរ ទស្សនកិច្ចជាលើកដំបូង ដែលធ្វើឡើងក្នុងនាមជានាយករដ្ឋមន្ត្រីឥណ្ឌា ស្របពេលដែលទំនាក់ទំនងរវាងប្រទេសទាំងពីរ កំពុងមានការកើនឡើង ក្នុងនោះរួមមានទាំងកិច្ចព្រមព្រៀង លើវិស័យការពារជាតិ ដែលមានចំនួនទឹកប្រាក់ រាប់ពាន់លានដុល្លារទៀតផង។ នេះបើយោងតាមសារព័តមានស៊ិនហួ ចុះផ្សាយឲ្យដឹងនាយប់ថ្ងៃទី៤ ខែកក្កដានេះ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោក Benjamin Netanyahu និងក្រុមមន្ត្រីផ្សេងទៀត បានស្វាគមន៍លោក Modi ជាមួយនឹងពិធីស្វាគមន៍ជាផ្លូវការ នៅអាកាសយាន្តដ្ឋាន Ben Gurion ជិតទីក្រុង Tel Aviv ដើម្បីបំពេញដំណើរទស្សនៈកិច្ចផ្លូវការរយៈពេល៣ថ្ងៃ។ មេដឹកនាំទាំងពីររូប បានថ្លែងសន្ទរកថាខ្លីៗ ដោយបានប្តេជ្ញារធ្វើការជាមួយគ្នា លើបញ្ហាផ្សេងៗ ក្នុងនោះរួមទាំងវិស័យសន្តិសុខ, កសិកម្ម និងថាមពល។

លោក Modi បានហៅដំណើរទស្សនកិច្ចនេះថា «ជាការចាប់ផ្តើមបង្កើតថ្មី» ខណៈលោក Netanyahu ថា នេះគឺជា «ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ»។

ប្រទេសឥណ្ឌា គឺជាអ្នកនាំចូលសម្ភារៈការពារជាតិដ៏ធំបំផុត របស់ពិភពលោក ហើយអ៊ីស្រាអ៊ែល បានក្លាយជាអ្នកផ្គត់ផ្គង់​មួយក្នុងចំណោមអ្នកផ្គត់ផ្គង់ ដ៏ចំបងរបស់ខ្លួន។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអ៊ែល បានរាយការណ៍ថា ប្រទេសទាំងពីរ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងជាច្រើន ដែលមានទំហំ ទឹកប្រាក់ជាង១ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ។

ប្រទេសទាំងពីររំពឹងថា នឹងកសាងកិច្ចសហប្រតិបត្តិការ នៅវិស័យជាច្រើន ក្នុងរួមទាំង វិស័យធនធានទឹក និងបច្ចេកវិទ្យាកសិកម្ម និងវិស័យផ្សេងទៀត ដែលអ៊ីស្រាអ៊ែល មានកម្រិតខ្ពស់ផងដែរ។

ដំណើរទស្សនៈកិច្ច របស់លោក Modi គឺជាដំណើរទស្សនៈកិច្ចលើកដំបូង ក្នុងនាមជានាយករដ្ឋមន្ត្រីឥណ្ឌា ក្នុងរយៈពេល២៥ឆ្នាំកន្លងទៅនេះ ចាប់តាំងពីប្រទេសទាំងពីរ បានបង្កើតទំនាក់ទំនងការទូតជាមួយគ្នា៕