(មូស្គូ)៖ នៅទីបំផុតជំនួបជាលើកដំបូង រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានទទួលស្គាល់ជាផ្លូវការហើយ ដោយវានឹងត្រូវធ្វើឡើងនៅថ្ងៃទី០៧ ខែកក្កដាខាងមុខនេះ នាឱកាសដែលអ្នកទំាងពីរចូលរួមកិច្ចកំពូលប្រជុំ ​G20 នៅប្រទេសអាល្លឺម៉ង់។ នេះបើតាមទីប្រឹក្សាវិមានក្រឹមឡាំង លោក Iouri Ouchakov ដកស្រង់ដោយសារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី០៤ ខែកក្កដា ឆ្នាំ២០១៧។

លោក Iouri Ouchakov នៅចំពោះមុខអ្នកសារព័ត៌មានបានបញ្ជាក់យ៉ាងខ្លីដូច្នេះថា៖ «មានកិច្ចព្រមព្រៀងមួយស្ដីពីជំនួបនៅថ្ងៃទី០៧ ខែកក្កដា»។ កិច្ចប្រជុំកំពូល G20 នឹងត្រូវប្រព្រឹត្តទៅ ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៨ ខែកក្កដា នៅក្នុងទីក្រុង Hambeurg ​ប្រទេសអាល្លឺម៉ង់ រី​ឯសេតវិមានក៏ធ្លាប់បានលើកឡើងពីជំនួប ជាលើកដំបូងនេះដែរ ហើយបើតាមមន្ត្រីអាមេរិកម្នាក់ថ្លែងនៅក្នុង លក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញា របៀបវារៈសំខាន់សម្រាប់ជំនួបរវាងលោក ត្រាំ និងលោក ពូទីន អាចនឹងផ្ដោតសំខាន់លើស្ថានភាពនៅភាគខាងកើតប្រទេសអ៊ុយក្រែន, សង្គ្រាមស៊ីរី ព្រមទំាងសំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើងផងដែរ។

គួរបញ្ជាក់ថា ខាងសេតវិមាននៅថ្ងៃអង្គារនេះ ក៏បានទទួលស្គាល់ផងដែរពីជំនួបរវាងលោក ដូណាល់​ ត្រាំ និងលោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី០៧ ខែកក្កដា៕