(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន នាថ្ងៃអង្គារនេះ​បានបង្ហាញក្តីសង្ឃឹម​របស់លោកថា ប្រទេសកូរ៉េខាងជើង​នឹងមិន​ឈានជើង​ដើរឆ្លងកាត់​ស្ពាន ដែលមិនអាច​ត្រឡប់​បកក្រោយ​វិញបាន​នោះឡើយ បន្ទាប់ពីរបបដឹកនាំ​ទីក្រុងព្យុងយ៉ាង បាញ់សាកល្បង​​​មីស៊ីលផ្លោង​ប្រភេទថ្មី​មួយផ្សេងទៀត។ នេះបើតាម​ការចេញ​ផ្សាយដោយ​ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅល្ងាច​ថ្ងៃអង្គារ ទី០៤ ខែកក្កដា ឆ្នាំ២០១៧។

យោងតាមវិមាន​ប្រធានាធីបតី​កូរ៉េខាងត្បូង Blue House លោក មូន ជែអ៊ីន បានធ្វើការលើក​ឡើងបែបនេះ នៅក្នុងអំឡុងកិច្ច​ជួបពិភាក្សា​គ្នា​​ជាមួយ អតីតនាយករដ្ឋមន្រ្តី​ចក្រភព​អង់គ្លេស លោក David Cameron។ បន្ថែមពីនេះ​មេដឹកនាំ​កូរ៉េខាងត្បូង ដែលទើបតែបាន​ឡើងកាន់​​តំណែង​កាលពី​ថ្ងៃទី១០ ខែឧសភាកន្លងទៅថ្មីៗ បានឲ្យដឹង​ទៀតថា រូបលោកមិន​ប្រាកដឡើយថា ប្រទេសរបស់លោក​ក៏ដូចជា​សហរដ្ឋ​អាមេរិក នឹងមានប្រតិកម្ម​យ៉ាងណានោះ នៅក្នុងករណីដែលកូរ៉េខាងជើង បានសម្រេច​បោះជំហានឆ្លងកាត់​ខ្សែបន្ទាត់ក្រហម​ហាម​ឃាត់ ហើយពុំធ្វើ​ការឆ្លើយ​ដោយអវិជ្ជមាន ចំពោះសំណើ​នៃការលុបបំបាត់​អាវុធនុយក្លេអ៊ែរ​ នៅឧបទ្វីបកូរ៉េ​ក្នុង​ន័យសន្តិភាព ដែលត្រូវ​បានឯក​ភាព​គ្នាដោយ​លោក មូន និងប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ នោះ។

យោងតាមប្រភព​ពីយោធា​កូរ៉េខាងត្បូង កូរ៉េខាងជើង​បានបាញ់គ្រាប់​មីស៊ីលផ្លោង​មួយគ្រាប់ ទៅកាន់​សមុទ្រខាងកើត ឬសមុទ្រជប៉ុន​ចេញ​ពី​តំបន់មួយ​ក្បែរទីក្រុង Banghyeon នៃខេត្ត North Pyongan ដែលស្ថិត​ក្នុងតំបន់​ភាគពាយ័ព្យ​នៃប្រទេស​កូរ៉េខាងជើង កាលពី​វេលា​ម៉ោង​​៩៖៤០នាព្រឹក​ថ្ងៃអង្គារនេះ (ម៉ោងក្នុង​ទីក្រុងសេអ៊ូល)។ ក្រោយមក​ទីក្រុងព្យុងយ៉ាង​ក៏បានចេញមុខ ប្រកាសអំពី​ជោគជ័យថ្មី​មួយទៀត​របស់​ខ្លួននៃការធ្វើតេស្ត​មីស៊ីលផ្លោង​ឆ្លងទ្វីប ICBM។ បើតាមសេចក្តី​រាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង មីស៊ីលនោះធ្វើ​ដំណើរបាន​ចម្ងាយ ៩៣៣គីឡូម៉ែត្រ ក្នុងរយៈកម្ពស់២,៨០២គីឡូម៉ែត្រ សម្រាប់​រយៈពេល៣៩នាទី ហើយវាយប្រហារ​ចំគោលដៅ នៅឯសមុទ្រ​ខាង​កើត​៕