(​ញូយ៉ក)៖ អគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិ លោក Liu Jieyi បានព្រមានថា ពិភពលោកអាច​នឹង​ជួបគ្រោះមហន្តរាយ បើសិនជាមហាអំណាចទំាងអស់​ មិនអាចស្វែងរកមធ្យោយបាយបន្ធូរបន្ថយ​ភាពតានតឹងជាមួយកូរ៉េខាងជើង​ទេនោះ ដោយលោកផ្ទាល់​យល់ថា វិបត្តិនៅឧទ្វីបកូរ៉េ​បច្ចុប្បន្នអាចនឹងស្ថិត​ក្រៅការគ្រប់គ្រង។ នេះបើតាមទីភ្នាក់ងារ​សារព័ត៌មានបារាំង AFP​ ដកស្រង់ដោយ Channel News Asia នៅរសៀលថ្ងៃអង្គារ ទី០៤ ខែកក្កដា ឆ្នាំ២០១៧។

ការលើកឡើងបែបនេះ របស់ លោក Liu Jieyi កើតមានឡើងមួយថ្ងៃ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងសមភាគីចិន លោក ស៊ី ជិនពីង បានពិភាក្សាគ្នាតាមទូរស័ព្ទ ទាក់ទិននឹង​ការគំរាមកំហែង​ពីសំណាក់មីស៊ីល និងអាវុធនុយក្លេអ៊ែរ​របស់កូរ៉េខាងជើង ដែលទើបតែ​បានបាញ់សាកល្បង​មីស៊ីលផ្លោង​មួយគ្រាប់ រត់បានចំងាយ​៩៣០គីឡូម៉ែត្រ នៅព្រឹកថ្ងៃអង្គារនេះ​ចេញពី​តំបន់ Panghyon នៃខេត្ត Pyongan ខាងជើង មុននឹង​ធ្លាក់ចូល​តំបន់សេដ្ឋកិច្ចផ្ដាច់មុខ​ជប៉ុន នៅសមុទ្រខាងកើត។

ជុំវិញបញ្ហានេះ លោក Liu Jieyi បានគូសបញ្ជាក់ នៅក្នុងសន្និសីទសារព័ត៌មាន នៅឯទីស្នាក់ការ​អង្គការសហប្រជាជាតិ​ក្នុងទីក្រុង ញូយ៉ក យ៉ាងដូច្នេះថា «សព្វថ្ងៃ! ស្ថានភាពនៅលើ​ឧបទ្វីបកូរ៉េ កាន់តែតានតឹងឡើងពី​ថ្ងៃទៅមួយថ្ងៃ ហើយយើង​ពិតជាចង់​ឃើញ​វាធូរស្រាលឡើងវិញ... តែបើសិន​ជាស្ថានភាព​នៅតែតានតឹង នោះមិនយូរមិនឆាប់​វានឹងស្ថិត​នៅក្រៅ​ការគ្រប់គ្រង ដែលនេះ​អាចនឹងបង្កជា​គ្រោះមហន្តរាយ​ ដល់ពិភពលោក​ទំាងមូល»

ទន្ទឹមគ្នានេះដែរប្រភេទគ្រាប់មីស៊ីលខាងលើ​ ត្រូវបានក្រុមអ្នកជំនាញជប៉ុនអះអាងថា អាចជាប្រភេទ ICBM ដោយត្រូវបាន​បាញ់ និងហោះបានរយៈពេល ៣៧នាទី មុនធ្លាក់ចូលក្នុងសមុទ្រជប៉ុន ដោយឡែក​កូរ៉េខាងជើង​បាន​បាញ់សាកល្បង​ នៅម៉ោង​ប្រមាណ ៩៖៤០នាទីព្រឹក (ម៉ោងនៅសេអ៊ូល) ចេញពី​តំបន់ Panghyon នៃខេត្ត Pyongan ខាងជើង ឆ្ពោះទៅកាន់​សមុទ្រ​ខាងកើត ឬសមុទ្រជប៉ុន។ សម្រាប់ប្រភេទគ្រាប់​មីស៊ីល​នេះ ពុំ​ទាន់​ត្រូវ​​បាន​កំណត់​ឲ្យច្បាស់​លាស់​នៅឡើយទេ ប៉ុន្តែបើតាមក្រុមអ្នកជំនាញ​កូរ៉េខាងត្បូងវិញបានអះអាងជាបឋមថា ជាគ្រាប់មីស៊ីលផ្លោង ដែលអាចបំពាក់​ក្បាល​គ្រាប់​នុយ​ក្លេ​អ៊ែរ។

គួរបញ្ជាក់ថា រាប់សិបឆ្នាំមកនេះ ដើម្បីរៀបចំឲ្យមានតុអង្គុយចរចាគ្នា ទំាងកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងកូរ៉េខាងជើង សុទ្ធតែបានដាក់លក្ខខណ្ឌ​មិនអាចធ្វើបាន​ឱ្យគ្នាទៅវិញមក ដោយសហរដ្ឋអាមេរិក ជារឿយៗ​តែងតែ​អំពាវនាវឱ្យទីក្រុងព្យុងយ៉ាង បោះបង់ចោល​អាវុធនុយក្លេអ៊ែរ​ជាមុនសិន រីឯកូរ៉េខាងជើង ក៏បានទទូចឱ្យ​ទីក្រុងវ៉ាស៊ីនតោន បញ្ឈប់ការធ្វើ​ការសមយុទ្ធយោធា​ប្រចាំឆ្នាំជាមួយ ទីក្រុងសេអ៊ូលផងដែរ។

ប៉ុន្តែមកទល់ឥឡូវសំណើទាំងនេះ​ ទំនងជាគ្មានន័យទៀតឡើយ ពោលបើនិយាយឱ្យចំ ទោះបីជា​សហរដ្ឋអាមេរិកយល់ព្រម​ក៏មិនប្រាកដថា របបកុម្មុយនីស្ដផ្ដាច់​ការទីក្រុងព្យុងយ៉ាងធ្វើតាមដែរ ត្បិតទីក្រុងព្យុងយ៉ាង​របស់លោក គីម ជុងអ៊ុន បានដើរដល់ផ្លូវ​សឹងតែមិនអាចត្រឡប់​ថយក្រោយទៅហើយ នោះគឺពួកគេជិតឈាន​ដល់គោលដៅ​ ផលិតមីស៊ីលឆ្លង​ទ្វីប ICBM បាញ់ដល់​សហរដ្ឋអាមេរិក ដែលអ្នកជំនាញ​មួយចំនួន​យល់ថា អាចនឹង​សម្រេចបាន​យ៉ាងយូរនៅ​ឆ្នាំ២០២០៕