(គុយវ៉ែត)៖ សារព័ត៌មានគុយវ៉ែត KUNA បានរាយការណ៍ថា នៅទីបំផុតរដ្ឋាភិបាលកាតា បានផ្ដល់ចម្លើយចំពោះ​សំណើទំាង ១៣ចំណុច របស់បណ្ដា​ប្រទេសអារ៉ាប់​ទំាង០៤ហើយ បន្ទាប់ពីពួកគេ​បានផ្ដល់រយៈពេល ៤៨ម៉ោងបន្ថែម​ឱ្យទីក្រុងដូហា​ពិចារណាឡើងវិញ។​ នេះបើតាម​ការដកស្រង់​ដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃអង្គារ ទី០៤ ខែកក្កដា ឆ្នាំ២០១៧។

ចម្លើយឆ្លើយតបនេះ ធ្វើឡើងបន្ទាប់​ពីរដ្ឋមន្ត្រី​ការបរទេសកាតា ព្រះអង្គ​ម្ចាស់ Sheikh Mohammed bin Abdulrahman Al Thani បានធ្វើដំណើរ​ទៅដល់ប្រទេស​គុយវ៉ែត​កាលពីថ្ងៃចន្ទ។ យោងតាម​សារព័ត៌មាន KUNA រដ្ឋមន្ត្រី​ការបរទេស​រូបនេះ បាននំាយក​លិខិតមួយពី​ព្រះមហាក្ស​ត្រកាតា Sheikh Tamim bin Hamad Al Thani ប្រគល់ឱ្យ​ព្រះមហាក្សត្រ​គុយវ៉ែត Sheikh Sabah Al-Ahmad Al-Jaber Al-Sabah ក៏ប៉ុន្តែមក​ទល់ពេលនេះ អត្ថន័យ​នៅក្នុងលិខិតនេះ​ពុំទាន់ត្រូវបានគេ​បញ្ជាក់ឡើយ។

គួររំលឹកថា អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម បារ៉ែន និងអេហ្ស៊ីប បានប្រកាសកាត់​ផ្ដាច់ទំនាក់ទំនង​ការទូតជាមួយ​កាតា កាលពីថ្ងៃទិ០៥ ខែមិថុនា សម្រាប់ការផ្ដល់ហិរញ្ញវត្ថុ និងគំាទ្រពួក ភេរវករ បើទោះជា​ទីក្រុងដូហា​បានបដិសធជាច្រើនដងក៏ដោយ។ ក៏ប៉ុន្តែ​ដោយសារតែ​មានការសម្រប​សម្រួ​លពីគុយវ៉ែត បណ្ដាប្រទេស​ទំាងនេះបានទុកផ្លូវឱ្យកាតា ត្រឡប់មក​ត្រូវគ្នាឡើង វិញតាមរយៈការអនុត្ដន៍​លក្ខខណ្ឌទំាង១៣ចំណុច ក្នុងនោះរួមមាន បិទសា្ថនីយ៍ទូរទស្សន៍ Al-jazeera, បិទមូលដ្ឋានទ័ពតួកគី និងផ្ដាច់​ទំនាក់ទំនង​ការទូតជាមួយអ៊ីរ៉ង់ជាដើម។ តែយ៉ាង ណារដ្ឋមន្ត្រី​ការបរទេសកាតា ក៏ធ្លាប់បានបញ្ជាកដែរថា លក្ខខណ្ឌទាំង​នេះគ្មានន័យអ្វីត្រូវទទួលយកឡើយ ព្រោះវាគឺជា​ទណ្ឌកម្មប្រឆាំង​នឹងកាតា៕