(វ៉ាស៊ីនតោន)៖ ប៉ុន្មានម៉ោងក្រោយពី​កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលផ្លោង​ថ្មីមួយគ្រាប់ទៀត ដោយមិនខ្វល់​ពីទណ្ឌកម្ម និងសម្ពាធ​ពីអន្តរ​ជាតិនោះ ទីបំផុតប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ក៏បានបញ្ចេញ​ប្រតិកម្មនៅ​លើបណ្តាញ Twitter ជុំវិញសកម្មភាពបង្ករឿងថ្មីចុងក្រោយរបស់​រដ្ឋកុម្មុយនិស្តដ៏ឯកោមួយនេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹក​ថ្ងៃអង្គារ ទី០៤ ខែ​កក្កដា ឆ្នាំ២០១៧។

លោក ដូណាល់ ត្រាំ បានបង្ហោះ​សារលើ​ Twitter យ៉ាងដូច្នេះថា «កូរ៉េខាងជើង​ទើបតែបាញ់​សាកល្បង​មីស៊ីលមួយគ្រាប់​ផ្សេងទៀត... តើ​លោក គីម ជុងអ៊ុន គ្មានអ្វីប្រសើរ​ជាងនេះ​ ដែលគួរធ្វើ​នៅក្នុងជីវិត​របស់​លោកទេឬ? វាពិតជា​ពិបាកនឹង​ជឿណាស់ ដែលថាប្រទេស​កូរ៉េខាង​ត្បូង​រួមទាំងជប៉ុន នឹងបន្តខាំមាត់​សង្កត់ចិត្ត​ ដើម្បីស៊ូទ្រាំ​នឹងទង្វើបែបនេះ​បានយូរប៉ុណ្ណា​ទៀតនោះ។ ដោយឡែក​ប្រហែលជាចិន នៅ​ទីបំផុត នឹងសម្រេច​ជ្រើសរើសការ​ប្រើប្រាស់វិធាន​ការ​ក្តៅចុងក្រោយ ចាត់ការ​កូរ៉េខាងជើង​ ហើយបញ្ចប់បញ្ហា​នេះ​ឲ្យដាច់ស្រេចតែម្តង»។ យ៉ាងណា​មិញសេតវិមាន ពុំទាន់មាន​សេចក្តីថ្លែងការណ៍​ជាផ្លូវការណាមួយ ជុំវិញការ​ធ្វើតេស្ត​មីស៊ីលថ្មីចុងក្រោយ​របស់កូរ៉េខាងជើង​នេះនៅ​ឡើយទេ។

យោងតាមយោធា​​កូរ៉េខាងត្បូង កូរ៉េខាងជើង​បាន​បាញ់សាកល្បង​មីស៊ីល នៅម៉ោង​ប្រមាណ ៩៖៤០នាទីព្រឹក ចេញពី​តំបន់ Panghyon នៃខេត្ត Pyongan ខាងជើង ឆ្ពោះទៅកាន់​សមុទ្រ​ខាងកើត ឬសមុទ្រជប៉ុន ខណៈ​ប្រភេទគ្រាប់​មីស៊ីល​នេះ ពុំ​ទាន់​ត្រូវ​​បាន​កំណត់​អត្ត​សញ្ញាណ​​ច្បាស់​លាស់​នៅឡើយទេ ប៉ុន្តែក្រុមអ្នកជំនាញ​កូរ៉េខាងត្បូងបានអះអាងជាបឋមថា ជាគ្រាប់មីស៊ីលផ្លោង ដែលអាចបំពាក់​ក្បាល​គ្រាប់​នុយ​ក្លេ​អ៊ែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទម្សិលមិញនេះ លោកប្រធានាធីបតីអាមេរិក ទើបតែបាននិយាយទូរស័ព្ទជាមួយ នាយករដ្ឋមន្រ្តជប៉ុនលោក ស៊ីនហ្សូ អាបេ ក៏ដូចជាប្រធានាធិបតីចិនលោក ស៊ី ជិនពីង នៅក្នុងកិច្ចសន្ទនាដាច់ដោយឡែកពីគ្នា ជុំវិញបញ្ហាកូរ៉េខាងជើងហើយប៉ុណ្ណោះ​។ ម៉្យាងវិញទៀត នៅក្នុងជំនួបត្រីភាគីក្រៅផ្លូវការក្នុងអំឡុងកិច្ចប្រជុំកំពូល G20 ដែលនឹងប្រព្រឹត្តចាប់ផ្តើមនៅឯទីក្រុង Hamburg នៃប្រទេស​អាល្លឺម៉ង់ មេដឹកនាំនៃប្រទេសទាំងបីអាមេរិក-កូរ៉េខាងត្បូង-ជប៉ុន ត្រូវបានគេរំពឹងថានឹងធ្វើការពិភាក្សាលម្អិតជុំវិញវិធីសាស្រ្តថ្មី ដើម្បីចាត់​ការកូរ៉េខាងជើង៕