(ប៉េកាំង)៖ អាជ្ញាធរចិន​បានឱ្យដឹងថា ភ្លៀងធ្លាក់បង្កជា​គ្រោះទឹកជំនន់​នៅក្នុងតំបន់ស្វយ័ត Guangxi Zhuang ស្ថិតនៅភាគខាងត្បូង​ប្រទេសចិន បានផ្ដាច់យក​អាយុជីវិតមនុស្ស​កើនដល់ ១៦នាក់ និង ១០នាក់​ផ្សេងទៀត​នៅបន្តបាត់​ខ្លួននៅឡើយ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃអង្គារ ទី០៤ ខែកក្កដា ឆ្នាំ២០១៧។

ជាមួយគ្នានោះដែរ បើតាមក្រុម​មន្ត្រីកិច្ចការ​ស៊ីវិល​ប្រចាំតំបន់ ភ្លៀងធ្លាក់​បានចាប់ផ្ដើម​តាំងតែពី​ថ្ងៃអាទិត្យ នៅផ្នែកខ្លះនៃតំបន់ Guangxi Zhuang ដោយបង្ខំ​ឱ្យអាជ្ញាធរ​សម្រេចចិត្ត​ជម្លៀស ប្រជាជន ៩១,៦០០នាក់ ទៅកាន់ទី​ទទួលមាន​សុវត្ថិភាព។ មិនតែប៉ុណ្ណោះ ផ្អែកលើ​របាយការណ៍បឋម គ្រោះធម្មជាតិ​នេះ​បានបង្កផលប៉ះពាល់​ដល់ប្រជាជន​ជាង ១.០៥លាននាក់ ព្រមទាំង ប៉ះពាល់​ដោយផ្ទាល់​ដល់​សេដ្ឋកិច្ចជាតិ គិតជា​ទំហំទឹកប្រាក់​ស្មើនឹងជាង ៤២៨លានដុល្លារ។ ចំណែកឯ ផ្ទះសម្បែង​ច្រើនជាង ៦០០ខ្នងបានដួលរលំ និង៦,៥០០ខ្នង ត្រូវបានបំផ្លាញស្ទើរតែ​ទាំងស្រុង​ផងដែរ ខណៈមនុស្ស ៣៦នាក់​បានរង​របួស៕