(សេអ៊ូល)៖ កូរ៉េខាងជើង​នៅថ្ងៃអង្គារនេះ​ បានបាញ់សាកល្បង​មីស៊ីលផ្លោង​មួយគ្រាប់​ធ្លាក់ចូល​ក្នុងតំបន់​សេដ្ឋកិច្ចផ្ដាច់មុខ​របស់ជប៉ុន នៅឯសមុទ្រ​ខាងកើត។ ការធ្វើតេស្ដនេះ​ធ្វើឡើងតែមួយ​ថ្ងៃប៉ុណ្ណោះ បន្ទាប់ពី​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន និងសមាភាគី​អាមេរិក លោក ដូណាល់ ត្រាំ បានប្ដេជ្ញាចិត្ដ​ដាក់សម្ពាធ និងទណ្ឌកម្មបន្ថែម​ប្រឆាំងនឹង​ទីក្រុងព្យុងយ៉ាង ហើយម្យ៉ាងវិញ​ទៀត ក៏បាញ់សាកល្បង​មីស៊ីលនេះ គឺធ្វើឡើង​នៅចំ​ថ្ងៃដែលសហរដ្ឋអាមេរិក នឹងប្រារព្ធពិធី​បុណ្យឯករាជ្យ​ជាតិ​ថ្ងៃទី០៤ ខែកក្កដា (ម៉ោងនៅក្នុង​ទីក្រុង​វ៉ាស៊ីនតោន)។ នេះបើតាមការ​ចេញផ្សាយ​ដោយ សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី០៤ ខែកក្កដា ឆ្នាំ២០១៧។

យោងតាមយោធា​កូរ៉េខាងត្បូង កូរ៉េខាងជើងបាន​បាញ់សាកល្បងមីស៊ីល នៅម៉ោងប្រមាណ ៩៖៤០នាទីព្រឹក ចេញពីតំបន់ Panghyon នៃខេត្ត Pyongan ខាងជើង ឆ្ពោះទៅកាន់សមុទ្រ​ខាងកើត ឬសមុទ្រជប៉ុន ខណៈ​ប្រភេទគ្រាប់មីស៊ីល​នេះ ពុំទាន់ត្រូវបានកំណត់អត្តសញ្ញាណច្បាស់លាស់នៅឡើយទេ ប៉ុន្តែក្រុមអ្នកជំនាញ​កូរ៉េខាងត្បូងបានអះអាងជាបឋមថា ជាគ្រាប់មីស៊ីលផ្លោង ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។

គួរបញ្ជាក់ថា កូរ៉េខាងជើង​កាលពីថ្ងៃចន្ទ​បានអះអាងថា គ្រាប់មីស៊ីលរបស់ខ្លួន​មានសមត្ថភាពបាញ់​ដល់ទីតាំងសត្រូវ នៅគ្រប់ទីកន្លែងនៅ​ទូទាំងពិភពលោក ខណៈក្រុមអ្នក​ជំនាញរំពឹងថា ទីក្រុងព្យុងយ៉ាង​អាចនឹងបាញ់​សាកល្បងមីស៊ីល​ផ្លោងឆ្លងទ្វីប ICBM ជាលើកដំបូង​នៅក្នុង ឆ្នាំ២០១៧នេះ ហើយទំនង​ជាអាចនឹង​ផលិតបានមីស៊ីល ICBM បាញ់ដល់​សហរដ្ឋអាមេរិក យ៉ាងយូរ​នៅឆ្នាំ២០២០៕