(សេអ៊ូល)៖ កូរ៉េខាងជើង មានឱកាសជាលើកចុងក្រោយដើម្បីត្រឡប់មកអង្គុយតុចរចាសាជាថ្មីជាមួយពិភពលោកខាងក្រៅ។ នេះគឺជាសម្ដីរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០៣ ខែកក្កដា ឆ្នាំ២០១៧។

ការថ្លែងបែបនេះរបស់ លោក មូន ជែអ៊ីន ធ្វើឡើងនៅក្នុងឱកាសជួបពិភាក្សាការងារ នៅថ្ងៃចន្ទនេះ ជាមួយអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ដែលកំពុងបំពេញដំណើរ ទស្សនកិច្ចនៅកូរ៉េខាងត្បូង។ ជាមួយគ្នានោះដែរ បើតាមមន្ត្រីវិមានប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន បានបញ្ជាក់ប្រាប់លោក អូបាម៉ាថា លោកបានប្រាប់លោក ដូណាល់​ ត្រាំ ពីការប្រើ ប្រាស់វិធានការដាក់ទណ្ឌកម្ម និងសម្ពាធ ក្នុងការដោះស្រាយសំណុំរឿងនុយក្លេអ៊ែរ និងមីស៊ីលផ្លោងកូរ៉េខាងជើង ហើយមិនតែប៉ុណ្ណោះប្រធានាធិបតីទើបជាប់ឆ្នោតថ្មីថ្មោងរូបនេះ ក៏បាន​ដាស់តឿនទីក្រុងព្យុងយ៉ាងផងដែរថានៅពេលនេះគឺជាឱកាសចុងក្រោយសម្រាប់របបដឹកនាំលោក គីម ជុងអ៊ុន ត្រឡប់មកអង្គុយតុចរចាជាថ្មីជាមួយសហគមន៍អន្តរជាតិ។ ដោយឡែក ឆ្លើយតបនឹងការលើកឡើងនេះដែរ លោក បារ៉ាក់ អូបាម៉ា បានគូសបញ្ជាក់បន្ថែមដូច្នេះថា៖ «ពិភពលោកទំាងមូលគួរតែផ្ញើសារមួយយ៉ាងច្បាស់លាស់ទៅកាន់ទីក្រុងព្យុងយ៉ាង ថាការបន្តការ អភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ និងមីស៊ីល នឹងមិនអាចជួយអ្វីទាល់តែសោះដល់សន្តិសុខ ឬភាពរីកចំរើន ឬក៏សុភមង្គលរបស់ប្រជាជនកូរ៉េខាងជើង»

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្ដាហ៍មុន នៅក្នុងជំនួបមួយនៅឯសេតវិមាន លោក មូន ជែអ៊ីន និងលោក ដូណាល់ ត្រាំ បានប្ដេជ្ញាចិត្តលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើឧទ្វីបកូរ៉េ ក៏ប៉ុន្តែ ទន្ទឹមនឹងការសម្ដែងអាកប្បកិរិយាទន់ភ្លន់ លោក ត្រាំ ក៏បាននិយាយដែរថា គោលនយោបាយអត់ធ្មត់ជាមួយកូរ៉េខាងជើង បានដល់ទីបញ្ចប់ហើយ ខណៈក្រុមអ្នកជំនាញមួយចំនួនរំពឹងថា របបកុម្មនីស្ដឯកកោមួយនេះអាចនឹងធ្វើតេស្ដមីស៊ីល ឬអាវុធនុយក្លេអ៊ែរ នៅចំថ្ងៃដែលមេដឹកនាំពិភពលោកចូលរួមក្នុងកិច្ចប្រជុំ G20 នៅទីក្រុង Humberg​ ប្រទេសអាល្លឺម៉ងនាថ្ងៃទី៧ ដល់ថ្ងៃទី៨ខែកក្កដានេះ៕