(វ៉ាស៊ីនតោន)៖ អ្នកដំណើរជាច្រើននាក់​បាននាំគ្នាបង្ហោះរូបភាព ដែលបង្ហាញឲ្យឃើញពីយន្តហោះមួយគ្រឿង របស់ក្រុមហ៊ុន​អាកាសចរណ៍ United Airlines មានការឆាបឆេះ​ឡើងនៅលើ​ផ្លូវហោះហើរ ភ្លាមៗបន្ទាប់ពី​បានធ្វើការចុះចត​នៅឯអាកាសយានដ្ឋាន​អន្តរជាតិ Denver នៃ​សហរដ្ឋ​អា​មេរិក។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅល្ងាច​ថ្ងៃចន្ទ ទី០៣ ខែកក្កដា ឆ្នាំ២០១៧។

យោងតាមរូបភាព​មួយចំនួននោះ​បណ្តាញទំនាក់ទំនងសង្គម Twitter ម៉ាស៊ីនផ្នែក​ឆ្វេងរបស់យន្តហោះ​ដឹកអ្នកដំណើរនោះ ត្រូវបានភ្លើងឆាប​​ឆេះ​យ៉ាងសន្ធោសន្ធៅ ក៏ប៉ុន្តែជាសំណាងល្អ​វាមិនបានផ្ទុះឡើង​នោះឡើយ ហើយក្រោយ​មករថយន្តសង្រ្គោះ​បន្ទាន់ ក៏បាន​ប្រញាប់ប្រញាល់​ទៅ​កាន់កន្លែង​កើតហេតុ ទើបក្រុមភ្នាក់ងារពន្លត់អគ្គីភ័យ បានរួមគ្នាពន្លត់ភ្លើងនៅក្នុងម៉ាស៊ីន​យន្តហោះនោះបានទាន់វេលាភ្លាមៗ។

ជាមួយគ្នានេះអ្នក​នាំពាក្យរបស់អាកាសចរណ៍​អាមេរិក United Airlines ក៏បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ឲ្យដឹងដែរថា យន្តហោះដឹកអ្នក​ដំណើរមានជើងហោះហើរ ៥៨៦៩ បានជួបបញ្ហាផ្នែក​ម៉ាស៊ីន។ យ៉ាងណាមិញ​អ្នកដំណើរ និងក្រុមសហសេវិកទាំងអស់ ពុំបាន​ទទួលរង​របួសអ្វី​ឡើយ ហើយបាន​ចាកចេញពីយន្តហោះ​ដោយសុវត្ថិភាព។

គួរបញ្ជាក់ថា យន្តហោះខាងលើ​ជាប្រភេទ Bombardier CRJ700 ដែលមានម៉ាស៊ីន​ចំនួនពីរ មានគោលដៅធ្វើដំណើរមកពី​ទីក្រុង Aspen នៃរដ្ឋ Colorado ទៅកាន់​ទីក្រុង Denver ក្នុងរដ្ឋតែមួយ ដែលស្ថិតនៅចម្ងាយ​មិនដល់៣៤០គីឡូម៉ែត្រ​នោះឡើយពីគ្នា៕