(គុយវ៉ែត)៖​ រដ្ឋមន្ត្រីការបរទេស​​កាតាព្រះអង្គម្ចាស់ Mohammed bin Abdulrahman Al Thani បានធ្វើដំណើរ​ទៅដល់ប្រទេស​គុយវ៉ែតហើយ នៅថ្ងៃចន្ទនេះ ដើម្បីផ្ដល់ចម្លើយ​របស់ទីក្រុងដូហា ទៅនឹងសំណើពីសំណាក់​ប្រទេសអារ៉ាប់​ទំាង០៤ ដែលបានកាត់ផ្ដាច់​ទំនាក់ទំនងការទូត​ជាមួយខ្លួន។ នេះបើតាម​សារព័ត៌មាន Al Jazeera ដកស្រង់​ដោយ​សារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី០៣ ខែកក្កដា ឆ្នាំ២០១៧។

ការមកដល់របស់​ព្រះអង្គម្ចាស់ Al Thani ធ្វើឡើងបន្ទាប់​ពីបណ្ដាប្រទេស​អារ៉ាប់​ទាំងបួន​​រួមមាន អារ៉ាប៊ីសាអូឌីត អេមីរ៉ាត់អារ៉ាប់រួម បារ៉ែន និងអេហ្ស៊ីប បានសម្រេចចិត្តបន្តរយៈពេល ៤៨ម៉ោងបន្ថែមទៀត តាមសំណើរបស់រដ្ឋាភិបាល​គុយវ៉ែត សម្រាប់ឱ្យ​ទីក្រុងដូហា​គិតគូរ​ឡើងវិញ និងអនុវត្តន៍តាមសំណើ​ទាំង១៣ចំណុច ខណៈឱសានវាទនៃការទទួលយកលក្ខខណ្ឌ​ទាំងនេះ បានអស់​សុពលភាព​កាលពីយប់​ថ្ងៃអាទិត្យ (ម៉ោងនៅក្នុងតំបន់)។​​ ជាមួយគ្នានោះដែរ នៅលើ Twitter ​ផ្ទាល់ខ្លួន Al Jazeera បានបញ្ជាក់​យ៉ាង​ដូច្នេះថា «រដ្ឋមន្ត្រីការបរទេសកាតាបាន ធ្វើដំណើរទៅដល់ប្រទេសគុយវ៉ែតហើយ ដើម្បីនាំយក​ចម្លើយឆ្លើយ​តប​ ទៅនឹងសំណើនៃបណ្ដារដ្ឋ​ដែលប្រកាស​កាត់ផ្ដាច់ទំនាក់ទំនង​ការទូតជា​មួយកាតា»

គួរំលឹកថា កាលពីចុងសប្ដាហ៍កន្លងទៅ ព្រះអង្គម្ចាស់ Al Thani បាននិយាយថា «ទីក្រុងដូហា មិនអាចទទួលយកលក្ខខណ្ឌ​នៃសំណើ​ទំាង១៣ចំណុចនេះនោះទេ ហើយវាក៏គ្មានន័យអ្វីត្រូវ ទទួល​យក ឬក៏ចរចាដែរ ពីព្រោះកាតា បានចាត់ទុកថាសំណើទំាងនេះ​ គឺជាការដាក់​ទណ្ឌកម្ម ព្រមទាំង​រំលោភលើច្បាប់​អន្តរជាតិ, ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និងដែន​អធិបតេយ្យភាព​កាតា (...) តែទោះបីជា​យ៉ាងណា កាតារក្សាជានិច្ច​ការ​ដោះស្រាយវិបត្តិ​បច្ចុប្បន្ន តាមរយៈ​កិច្ចសន្ទនា»។ ​លក្ខខណ្ឌ​ទំាង១៣ចំណុចក្នុងនោះ រួមមាន ការបិទសា្ថនីយ៍ទូរទស្សន៍ Al-jazeera, ការបិទមូលដ្ឋានទ័ពតួកគី និងការផ្ដាច់ទំនាក់ទំនងការទូត​ជាមួយអ៊ីរ៉ង់​ជាដើម៕