(អ៊ីស្រាអែល)៖ រដ្ឋមន្រ្តីការពារជាតិ​អ៊ីស្រាអែល លោក Avigdor Lieberman បានព្រមាន​ប្រទេសក្បែរ​ខាងចំនួនពីរ ដែលនៅជាប់​ព្រំដែន​ភាគ​ខាង​ជើង​របស់​​ខ្លួន​ ចំពោះ​ការចង់​សាកល្បងភាព​អត់ធ្មត់របស់​អ៊ីស្រាអែល ក្រោយកើត​មានការវាយប្រហារ​គ្នាជាបន្តបន្ទាប់ ដែលជ្រាប​ចេញពីស៊ីរី ចូលមកក្នុង​ទឹកដីរបស់​ប្រទេសអ៊ីស្រាអែល។ នេះបើតាម​​ការចេញផ្សាយ​ដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃចន្ទ ទី០៣ ខែកក្កដា ឆ្នាំ២០១៧។

កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ គ្រាប់កាំភ្លើង​ត្បាល់ចំនួន​ពីរគ្រាប់ បានធ្លាក់ទៅលើ​របងសន្តិសុខ​ក្នុងតំបន់ Golan Heights នៃប្រទេស​អ៊ីស្រា​អែល​ ហើយករណី​បែបនេះ​បានកើតឡើង ជាញឹកញយ​ក្នុងពេលត្រឹមតែ​មួយសប្តាហ៍​ប៉ុណ្ណោះ។ គ្រាប់​កាំភ្លើងត្បាល់​ទាំងពីរនោះ ត្រូវគេជឿ​ជាក់ថា ត្រូវបានបាញ់ចេញមក​ពីការប្រយុទ្ធគ្នា​រវាងកងទ័ព​រដ្ឋាភិបាលលោក អាល់ អាស្សាដ និងក្រុមឧទ្ទាម​ប្រដាប់អាវុធ នៅក្បែរទីក្រុង Quneitra នៃប្រទេសស៊ីរី។ ទោះបីជាហេតុការណ៍នោះ ពុំបាន​បណ្តាល​ឲ្យមានមនុស្សទទួលរងគ្រោះថ្នាក់ ឬការខូតខាត​យ៉ាងណាក្តី កងកម្លាំង​​ការពារជាតិអ៊ីស្រាអែល ក៏បាន​បើកវាយប្រហារ​សងសឹក ទៅលើមូលដ្ឋានយោធាស៊ីរី​មួយកន្លែងវិញ។

នាថ្ងៃដដែល​រដ្ឋមន្រ្តីក្រសួង​ការពារជាតិអ៊ីស្រាអែល​បានថ្លែងថា ស្របពេល​ដែលអ៊ីស្រាអែល​បន្តរក្សាគោល​នយោបាយ មិនលូកដៃ​ពាក់ព័ន្ធ​​ក្នុង​សង្រ្គាមស៊ីវិល​ដ៏រ៉ាំរ៉ៃនៅស៊ីរី ការបំពានលើ​ដែនអធិបតេយ្យភាព​នៃប្រទេសដទៃ ដែលបណ្តាលមកពី​សង្រ្គាមនៅទីនោះ គឺពុំអាច​លើកលែង​ឲ្យ​បាននោះ​ឡើយ។ លោក Lieberman បានបញ្ជាក់​ប្រាប់ក្រុមអ្នក​សារព័ត៌មានថា «យើងគ្មាន​បំណងចូលជ្រៀត​ជ្រែក​ក្នុងបញ្ហាជម្លោះ​ណាមួយ​ឡើយ ក៏ប៉ុន្តែខ្ញុំសុំ​ជូនជា​យោបល់​ដល់​បណ្តាអ្នកជិតខាង​របស់យើងថា កុំចង់សាកល្បង​ភាពអត់ធ្មត់​របស់យើង​ឲ្យសោះ»