(ប៉េកាំង)៖ ទីក្រុងប៉េកាំង​សង្ឃឹមថា សហរដ្ឋអាមេរិក​អាចដោះស្រាយ​បញ្ហាកោះតៃវ៉ាន់​បានដោយសមរម្យ និងត្រឹមត្រូវ ដោយអនុឡោមទៅតាម​​គោល​នយោ​បាយ​ចិន​តែមួយ។ នេះបើតាម​ការបញ្ជាក់ពី​ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ប្រាប់ទៅកាន់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ដកស្រង់​ដោយទីភ្នាក់ងារ​ព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី០៣ ខែកក្កដា ឆ្នាំ២០១៧។

យោតាមសេចក្តីរាយការណ៍​របស់ស្ថានីយ៍​ទូរទស្សនរដ្ឋចិន ស្តីពីកិច្ចសន្ទនា​តាមទូរស័ព្ទ​រវាងមេដឹកនាំ​នៃប្រទេសទាំងពីរ​នាថ្ងៃចន្ទនេះ លោក ស៊ី បានថ្លែង​ប្រាប់ទៅកាន់​លោក ត្រាំ ថា កត្តា​អវិជ្ជមាន​មួយចំនួន​ បានបង្កផលប៉ះពាល់អាក្រក់​ដល់ទំនាក់ទំនង អាមេរិក-ចិន ហើយទីក្រុង​ប៉េកាំង​ក៏បានបង្ហាញពីគោលជំហរ​របស់ខ្លួន ដល់សហរដ្ឋអាមេរិក​រួចរាល់​ហើយដែរ។

នាឱកាសនោះ លោក ស៊ី និងលោក ត្រាំ ក៏បានជជែកពិភាក្សា​អំពីសន្តិភាព និងស្ថិរភាព​នៃតំបន់​ឧបទ្វីប​កូរ៉េផងដែរ ក៏ប៉ុន្តែសេចក្តីរាយ​ការណ៍​​របស់ស្ថានីយ៍​ទូរទស្សន៍រដ្ឋចិននេះ ក៏ដូចជាសេចក្តីថ្លែងការណ៍​របស់សេតវិមាន​អាមេរិក មិនបានធ្វើ​ការបញ្ជាក់​ឲ្យបានលម្អិត​ អំពីកិច្ចសន្ទនា​រវាង​មេដឹកនាំ​ទាំងពីរជុំវិញ​បញ្ហាកូរ៉េខាងជើង​នោះឡើយ។

គួរបញ្ជាក់ថា នាពេលថ្មីៗនេះ​សហរដ្ឋអាមេរិក​បានប្រកាស​អំពីគម្រោង​លក់សព្វាវុធ​ ដែលរួមមាន​មីស៊ីល​ទំនើបចម្រុះជិត ២០០គ្រាប់ ក្នុងតម្លៃជាង ១.៤ពាន់លានដុល្លារ ទៅឲ្យ​កោះតៃវ៉ាន់ និងបានសម្រេច​ដាក់ទណ្ឌកម្ម​ប្រឆាំងទៅលើ​ធនាគារ និងក្រុមហ៊ុនមួយ​ចំនួនរបស់​ចិនថែមទៀត ក្រោមហេតុផល​ចោទប្រកាន់ថា ​មានជាប់ពាក់ព័ន្ធ​នឹងកម្មវិធីអាវុធ​ប្រល័យលោក​របស់កូរ៉េខាងជើង ដែលទង្វើនេះ​បានបង្កឲ្យរដ្ឋាភិបាល​ទីក្រុងប៉េកាំង រង្គាសចិត្ត​ និងសម្តែង​ការ​តវ៉ា​ជា​ខ្លាំង៕