(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំចិនលោក ស៊ី ជិនពីង នាថ្ងៃចន្ទនេះ បាន​ជួប​ពិភាក្សា​គ្នា​តាម​ទូរស័ព្ទ​ពាក់​ព័ន្ធ​នឹង​បញ្ហា​សំខាន់ជាច្រើន ជាពិសេសពាក់ព័ន្ធនឹងប្រទេសកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិន CGTN នៅព្រឹក​ថ្ងៃចន្ទ ទី០៣ ខែកក្កដា ឆ្នាំ២០១៧។

យោងតាមសេចក្តីថ្លែងការណ៍​របស់សេតវិមានអាមេរិក មេដឹកនាំនៃប្រទេសទាំងពីរ​បានគូស​បញ្ជាក់សាជាថ្មី​អំពីការប្តេជ្ញាយ៉ាងមុតមាំរបស់​សហ​រដ្ឋអាមេរិក និងប្រទេសចិន​ក្នុងការលុប​បំបាត់អាវុធនុយក្លេអ៊ែរ​ចេញពីតំបន់​ឧបទ្វីបកូរ៉េ។ ម៉្យាងវិញទៀតលោក ត្រាំ និងលោក ស៊ី ក៏បាន​ឆ្លៀតឱកាសជជែក​ពិភាក្សាអំពីបញ្ហាទ្វេភាគី​ក៏ដូចជាបញ្ហាអន្តរជាតិជាច្រើនផ្សេងទៀតផងដែរ ស្របពេលដែលលោក​ប្រធានាធិបតីអាមេរិក បានបង្ហាញពីគោល​ជំហរ​យ៉ាងរឹងរាំរបស់លោកម្តងទៀត ដើម្បីស្វែងរក​ទំនាក់ទំនង​ពាណិជ្ជកម្ម​ ដែលមានតុល្យភាព​ជាងមុន​ជាមួយ​បណ្តាដៃ​​គូ​ពាណិជ្ជកម្ម​រួមមានចិន​ជាដើម។

គួរបញ្ជាក់ថា ជាមួយគ្នានេះ លោក ដូណាល់ ត្រាំ ក៏បានធ្វើ​ការសន្ទនាតាមទូរស័ព្ទ​ជាមួយនាយករដ្ឋមន្រ្តី​ជប៉ុនលោក ស៊ីនហ្សូ អាបេ ជុំវិញការ​ប្តេជ្ញា​នឹងដាក់សម្ពាធ​កាន់ខ្លាំងជាង​មុនថែមទៀត លើទីក្រុងព្យុងយ៉ាងផងដែរ។ ដោយឡែកការ​ពិភាក្សាគ្នារវាង​លោក ដូណាល់ ត្រាំ និងលោក ស៊ី ជិនពីន ពីចម្ងាយ​នាថ្ងៃចន្ទនេះ​ត្រូវបានធ្វើ​ឡើងបន្ទា​ប់ពីលោក ត្រាំ បានថ្លែងថា ចិនបានបរាជ័យ​ក្នុងការដាក់សម្ពាធ​ទៅលើ​កូរ៉េខាងជើង៕