(រីយ៉ាដ)៖ បណ្ដាប្រទេស​អារ៉ាប់ទាំងបួន ដែលបានកាត់ផ្ដាច់​ទំនាក់ទំនងការទូត​ជាមួយកាតា នៅថ្ងៃចន្ទនេះ បានសម្រេចចិត្ត​បន្តរយៈពេល ៤៨ម៉ោងបន្ថែមទៀត តាមសំណើរបស់រដ្ឋាភិបាល​គុយវ៉ែត ដើម្បីឱ្យ​ទីក្រុងដូហា គិតគូរ​ឡើងវិញ និងអនុវត្តន៍តាមសំណើ​ទាំង ១៣ចំណុចរបស់ខ្លួន។ ឱសានវាទ​នៃការទទួល​យកលក្ខខណ្ឌ​ទាំងនេះ បានអស់​សុពលភាព​កាលពីយប់​ថ្ងៃអាទិត្យ (ម៉ោងនៅក្នុងតំបន់)។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​ចិនស៊ិនហួរ នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែកក្កដា ឆ្នាំ២០១៧។

ជុំវិញសង្រ្គាមការ​ទូតនេះដែរ ដោយសារ​តែមានការ​សម្របសម្រួល​ពីគុយវ៉ែត ទើបអារ៉ាប៊ីសាអូឌីត អេមីរ៉ាត់អារ៉ាប់រួម បារ៉ែន និងអេហ្ស៊ីប បានទុកផ្លូវ​ឱ្យកាតា​ត្រឡប់មកត្រូវគ្នាឡើងវិញ តាមរយៈ​ការអនុត្ដន៍​លក្ខខណ្ឌ​ទំាង ១៣ចំណុច ក្នុងនោះរួមមាន ការបិទសា្ថនីយ៍ទូរទស្សន៍ Al-jazeera, ការបិទមូលដ្ឋានទ័ពតួកគី និងការផ្ដាច់ទំនាក់ទំនងការទូត​ជាមួយអ៊ីរ៉ង់​ជាដើម ហើយទីក្រុងដូហា មានរយៈពេល​១០ថ្ងៃ​ដើម្បីផ្ដល់ចម្លើយ ពោលគឺ​គិតត្រឹមយប់​ថ្ងៃអាទិត្យម្សិលមិញ បើ​ពុំដូច្នោះទេ នឹងត្រូវប្រឈមមុខ​នឹង​ទណ្ឌកម្ម។ ប៉ុន្តែ​បើទោះដឹងថា នឹងត្រូវប្រឈមមុខនឹង ទណ្ឌកម្មពី​សំណាក់​បណ្ដាប្រទេស​អារ៉ាប់ទាំងនេះ​ក៏ដោយ ក៏រដ្ឋមន្ត្រី​ការបរទេស​កាតា ព្រះអង្គម្ចាស់ Mohammed bin Abdulrahman Al Thani នៅតែបញ្ជាក់ថា ទីក្រុងដូហា​មិនអាច​ទទួលយកបានឡើយ លក្ខខណ្ឌទំាង​១៣ចំណុច ត្បតិវា​គឺផ្ទុយទំាងស្រុង​ទៅនឹងច្បាប់​អន្តរជាតិ ក៏ដូចជារំលោភ​លើដែន​អធិបតេយ្យភាព​កាតា។

ការថ្លែងបែបនេះរបស់ព្រះអង្គម្ចាស់ Al Thani ធ្វើឡើងនៅក្នុង​សន្និសីទសារព័ត៌មាន​មួយនៅឯទីក្រុងរ៉ូម ប្រទេស​អ៊ីតាលី កាលពីចុងមុនសប្ដាហ៍។ ថ្លែងនាឱកាស​នោះដែរ ព្រះអង្គម្ចាស់ Al Thani បានលើក​ឡើងយ៉ាងដូច្នេះថា «លក្ខខណ្ឌ​នៃសំណើ​ទំាង ១៣ចំណុច​នឹងត្រូវបាន​បដិសេធ ហើយវាក៏គ្មាន​ន័យអ្វីត្រូវទទួល​យក ឬក៏ចរចាដែរ ពីព្រោះយើង​បានចាត់ទុកថា សំណើទំាងនេះ​គឺជាការដាក់​ទណ្ឌកម្មមក​លើប្រទេស​របស់យើង ជាជាងពួកភេរវករ ព្រមទាំង​រំលោភលើច្បាប់​អន្តរជាតិ, ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និងដែន​អធិបតេយ្យភាព​កាតា (...) ទោះបីជា​យ៉ាងណា យើងនៅតែបញ្ជាក់​ឡើងវិញថា យើងរក្សាជានិច្ច​ការ​ដោះស្រាយវិបត្តិ​បច្ចុប្បន្ន តាមរយៈ​កិច្ចសន្ទនា»

គួររំលឹកថា កាលពី​ថ្ងៃទី០៥ ខែមិថុនា អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម បារ៉ែន និងអេហ្ស៊ីប បានប្រកាសកាត់ផ្ដាច់​ទំនាក់ទំនង​ការទូត​ជាមួយកាតា ដោយចោទប្រទេសនេះថា បានផ្ដល់ហិរញ្ញវត្ថុ និងគំាទ្រពួក​ភេរវករ បើទោះជា​ទីក្រុងដូហា បានបដិសធ​ជាច្រើនដងក៏ដោយ ហើយមក​ទល់ពេលនេះ​មានតែតួកគី​​មួយគត់ ដែលតែងតែបានចេញ​មុខគ្រាំទ្រកាតា៕