(បាកដាដ)៖ សារព័ត៌មាន Iraqi News បានរាយការណ៍ថា មេដឹកនាំជាន់ខ្ពស់​ក្រុម ISIS ម្នាក់ឈ្មោះ Abu Qutaiba ត្រូវបានគេចាប់យកទៅដុតសម្លាប់ទាំងរស់ បន្ទាប់ពីរូបលោក​ហ៊ានសន្មត់ថា មេដឹកនាំ​កំពូល​ ISIS​ លោក Abu Bakr al-Baghdadi​ បានស្លាប់បាត់ជីវិតទៅហើយ។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពីសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែកក្កដា ឆ្នាំ២០១៧។

យោងតាម Iraqi News Abu Qutaiba ត្រូវបានគេចាប់​ខ្លួន​នៅក្នុង​ទីក្រុង Tal Afar ប្រទេសអ៊ីរ៉ាក់ ហើយត្រូវដុត​សម្លាប់ទំាងរស់​​ពីបទប្រកាន់ថា បានធ្វើសកម្មភាព​ញុះញង់​បំបះបំបោរ ក្រោយហ៊ាន​សន្មត់ថា Abu Bakr al-Baghdadi​ ពិតជាបាន​ស្លាប់ប្រាកដមែន។ ការបញ្ជាក់​ពីការស្លាប់​នេះ​ក៏ត្រូវបាន រុស្ស៊ី អ៊ីរ៉ង់ និងស៊ីរី អះអាង​ផងដែរ ដែលមេភេរវករ​រូបនេះបាន​ស្លាប់ ដោយសារតែ​ការវាយប្រហារ​តាមផ្លូវអាកាស ពីសំណាក់​យន្ដហោះចម្បាំងរុស្ស៊ីនៅ​ឯទីក្រុង R​aqqa កាលពីចុង​ខែមិថុនា​កន្លងទៅ។ ក៏ប៉ុន្តែរហូតមក​ទល់ពេលនេះ សហរដ្ឋអាមេរិក និងក្រុម ចំរុះអន្តរជាតិ មិនទាន់ទទួល​ស្គាល់ព័ត៌មាន​នេះនៅឡើយទេ ហើយនេះ​ក៏មិនមែន​ជាលើកទីមួយដែរ ដែលគេនាំ​គ្នានិយាយថា Abu Bakr al-Baghdadi បានស្លាប់។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍​សប្ដាហ៍មុន នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ លោក Haider al-Abadi ក៏បានប្រកាស​ពីបរាជ័យ​របស់ក្រុម ISIS និងបានទទួល​ស្គាល់ពីមរណៈភាព​របស់ ​al-Baghdadi ផងដែរ៕