(បាដាដ)៖ មេទ័ពអាមេរិក​លោកឧត្តមសេនីយ៍ឯក Stephen Townsend បានលើកឡើង​នាពេលថ្មីៗនេះថា កងកម្លាំងយោធា​របស់​សហរដ្ឋអាមេ​រិក គួរតែបន្ត​រក្សាវត្តមាន​របស់ខ្លួន នៅក្នុងប្រទេសអ៊ីរ៉ាក់តទៀត ទោះបីជាបេសកកម្មនៅក្នុងទីក្រុងម៉ូស៊ូល ជិតឈានចូលដល់ទីបញ្ចប់ ហើយ​ក្រុម​​សកម្មប្រយុទ្ធ ISIS នឹងត្រូវកម្ចាត់ចេញ​ទាំងស្រុងពីក្នុងប្រទេស​មជ្ឈិមបូព៌ាមួយនេះ​យ៉ាងណាក្តី។ នេះបើតាម​ការចេញ​ផ្សាយដោយ​សារព័ត៌​មានរុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃចន្ទ ទី០៣ ខែកក្កដា ឆ្នាំ២០១៧។

កាលពីថ្ងៃ​ទី២៩ ខែមិថុនា​កន្លងទៅនេះ ពោលគឺរយៈពេលបី​ឆ្នាំ និង១៩ថ្ងៃក្រោយការ​ដណ្តើមកាន់​កាប់របស់ពួក ISIS ទៅលើទី​ក្រុងម៉ូស៊ូល ដែល​ជា​ក្រុងធំជាងគេទីពីរ​របស់ប្រទេស​អ៊ីរ៉ាក់នោះ នាយករដ្ឋមន្រ្តី​អ៊ីរ៉ាក់ លោក Haider al-Abadi បានប្រកាស​អំពីការបរាជ័យ​ និងការឈានជិត​ដល់ទី​​បញ្ចប់​របស់​ក្រុមភេរវករនេះ។ ជាមួយគ្នា​នេះ លោក Townsend ដែលបច្ចុប្បន្ន​ជាមេបញ្ជាការ នៃកម្លាំងប្រតិបត្តិការ​ចម្រុះ Operation Inherent Resolve នៅ​អ៊ីរ៉ាក់ បានឲ្យដឹងថា រូបលោក​មានការជឿជាក់​ខ្ពស់ថា ក្រុមភេរវករ ISIS ជិតនឹងបរាជ័យ​ទាំងស្រុងហើយ នៅក្នុងប្រទេស​អ៊ីរ៉ាក់​ក៏ដូច​ជាស៊ីរី។

មេទ័ពជាន់ខ្ពស់​អាមេរិករូបនេះ​បានបន្ថែមថា ទោះជា​បែបនេះក្តី ដើម្បីជា​ផលប្រយោជន៍​ដ៏ប្រសើរបំផុត​ សម្រាប់រដ្ឋាភិបាលអ៊ីរ៉ាក់ ទីក្រុងវ៉ាស៊ីន​តោន ក៏ដូចជា​បណ្តាសម្ព័ន្ធមិត្ត​ដទៃទៀត ប្រសិនបើ​កងទ័ព​សហរដ្ឋអាមេរិក នៅបន្ត​រក្សាវត្តមាន​នៅក្នុងប្រទេស​មជ្ឈិមបូព៌ា​មួយនេះ ទោះបី​នៅ​​ពេលដែលក្រុម ISIS ត្រូវបានកម្ចាត់​ចេញទាំងស្រុង​ក៏ដោយ។

គួរបញ្ជាក់ថា ការលើក​របស់បែបនេះ​របស់ លោក Townsend គឺដោយសារ​តែអ្វីដែល​បានកើតឡើង​ក្រោយពី អាមេរិកបាន​សម្រេចដកទ័ពចេញ​​ពីអ៊ីរ៉ាក់កាល​ពីឆ្នាំ២០១១ ដោយ​ក្រុមភេរវករ ISIS បានឆ្លៀតឱកាស​ចូលមកគ្រប់គ្រង​ក្នុងទីក្រុងម៉ូស៊ូល​នៅឆ្នាំ២០១៤។ លោក Townsend បាន​ថ្លែងថា «លើកនេះ កងទ័ពអាមេរិក​គួរតែបន្ត​ផ្តល់ការគាំទ្រ និងហ្វឹកហាត់​ដល់កងទ័ពអ៊ីរ៉ាក់ ដើម្បីធានាថា ពួកគេមាន​សមត្ថភាព​គ្រប់គ្រាន់អាច​ទប់ទល់​នឹងការគំរាម​កំហែងនានា​ ចំពោះប្រទេស​ជាតិ​របស់​ពួកគេបាន»