(ប៉េកាំង)៖ មន្ត្រីក្រសួងការពារជាតិ​អាមេរិកម្នាក់​បានឱ្យដឹងថា នាវាពិឃាតអាមេរិក​មួយគ្រឿង បានធ្វើដំណើរ​ទៅកាន់តំបន់ក្បែរ​កោះជម្លោះ​ នៃសមុទ្រចិនខាងត្បូង ដែលជាផ្នែក​មួយបង្ហាញពី​​សេរីភាពនាវាចរ​នៅក្នុងតំបន់ដែនទឹកអន្តរជាតិ ខណៈទីក្រុងប៉េកាំង​ចាត់ទុកថាទង្វើនេះ​គឺជាសកម្មភាព​បង្ករឿង។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែកក្កដា ឆ្នាំ២០១៧។

នេះមិនមែនជា​លើកទីមួយ ហើយក៏នឹងមិន​ក្លាយជាលើកចុង​ក្រោយដែរ ដែលទីក្រុង​វ៉ាស៊ីនតោន បញ្ជូននាវា​ចម្បាំង​ទៅកាន់តំបន់​សមុទ្រចិនខាងត្បូង។ ដោយឡែក​បើតាមមន្ត្រីអាមេរិក​រូបនេះដដែល នាវាពិឃាត​បំពាក់ដោយ​មីស៊ីល USS Stethem បានធ្វើដំណើរ​កាលពី​ថ្ងៃអាទិត្យ នៅចំងាយ​ប្រមាណជា ២២គីឡូម៉ែត្រ​ពីកោះ Triton ជាផ្នែកមួយនៃ​ទីប្រជុំកោះ Paracel ក្នុងតំបន់សមុទ្រ​ខាងត្បូង។ ម្យ៉ាងវិញទៀត នេះគឺជា​លើកទី០២ ដែលសហរដ្ឋអាមេរិក​ក្រោមរដ្ឋបាល លោក ដូណាល់ ត្រាំ បញ្ជូន​នាវាពិឃាត​របស់ខ្លួន​ ទៅកាន់តំបន់​សមុទ្រចិន​ខាងត្បូង ក្នុងក្របខណ្ឌ​ប្រតិបត្តិការ​សេរីភាព​នាវាចរណ៍។

ប៉ុន្តែដូចសព្វដង ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យ​ក្រសួងការ​បរទេសចិន លោក លូ កាង បានសម្ដែងការខឹងសម្បារជាខ្លាំង ព្រមទាំងចាត់ទុកថា នាវាពិឃាតអាមេរិក​កំពុងសកម្មភាព​បង្ករឿង និងចូលក្នុង​ដែនទឹករបស់​ចិន ដោយគ្មានការអនុញ្ញាត។ លោក លូ កាង បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «ចិនជំទាស់ និងជម្រុញ​យ៉ាងពេញ​ទំហឹងឱ្យ​សហរដ្ឋអាមេរិក បញ្ឈប់​ជាបន្ទាន់ការធ្វើសកម្មភាព​បង្ករឿងរបៀបនេះ ដែលរំលោភ​លើដែន​អធិបតេយ្យភាព​របស់ចិន និងបង្កជាហានិភ័យ​ដល់​សន្តិសុខចិន ...បើពុំដូច្នោះទេ​ទីក្រុងប៉េកាំង​នឹងចាត់វិធានការ​ចាំបាច់​នានា ដើម្បីការពារ​ខ្លួនឯង»។​

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក​បញ្ជូននាវាពិឃាត​ទៅកាន់តំបន់​សមុទ្រចិនខាងត្បូង ធ្វើឡើង​នៅចំពេល​ដែលទំនាក់ទំនង​ជាមួយចិន កំពុងមានភាព​មិនច្បាស់លាស់ ដោយក្នុង​ពេលជាមួយ​គ្នា លោក ដូណាល់ ត្រាំ សរសើរផង និងបន្ទោស​ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ផង សម្រាប់​ការដាក់សម្ពាធ​មិនទាន់គ្រប់គ្រាន់​ លើកូរ៉េខាងជើង។ មិនតែប៉ុណ្ណោះ​ទីក្រុង​វ៉ាស៊ីនតោន ទើប តែបាន​ដាក់ទណ្ឌកម្ម​លើធនាគារចិន​ចំនួនពីរ ក្រោម​ការចោទប្រកាន់​ថា បានផ្ដល់ប្រាក់​កម្ចីឱ្យរបបដឹកនាំ​ទីក្រុងព្យុងយ៉ាង៕