(វ៉ាស៊ីនតោន)៖ សង្គ្រាមពាក្យសម្ដីរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងស្ថានីយ៍ទូរទស្សន៍ CNN បានផ្ទុះឡើងជាថ្មីម្ដងទៀត ដោយនៅលើកនេះ លោកត្រាំ បានដាក់ឈ្មោះថ្មី ឱ្យ CNN​ ថា ជា «សារព័ត៌មានបោកប្រាស់​»។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik ថ្ងៃអាទិត្យ ទី០២ ខែកក្កដា ឆ្នាំ២០១៧។ 

លោក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍ បានចោទប្រកាន់ CNN ថាបានផ្សព្វផ្សាយព័ត៌មានប្រឆាំងនឹងរូបលោក ខណៈលោកផ្ទាល់ក៏ត្រូវបានគេចោទប្រកាន់ ដូចគ្នាដែរថា កំពុងប្រើប្រាស់ បណ្ដាញទំនាក់ទំនងសង្គមដើម្បីរិះគន់លើអ្នករិះគន់រូបលោក។ លោក ត្រាំ នៅក្នុងប្រអប់បញ្ចេញមតិនៅលើ Twitter បានលើកឡើង ដូច្នេះថា៖ «បណ្ដាប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងបោកប្រាស់មួយចំនួន កំពុងធ្វើការងារយ៉ាងសកម្ម បញ្ចុះបញ្ចូលឱ្យពួកអ្នកសាធារណៈរដ្ឋ និងមនុស្សដទៃ ទៀតយល់ថាខ្ញុំមិនគួរប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមឡើយ។ ក៏ប៉ុន្តែខ្ញុំសូមរំលឹកថាខ្ញុំជាប់ឆ្នោតជាប្រធានាធិបតីកាលពីឆ្នាំ២០១៦ ដោយសារតែការ ធ្វើបទសម្ភាសន៍ ការថ្លែងសុន្ទរកថា និងបណ្ដាញទំនាក់ទំនងសង្គម...​ ដូច្នេះខ្ញុំនឹងតស៊ូប្រយុទ្ធជាមួយព័ត៌មាន ក្លែងក្លាយ ឬបោកប្រាស់... យើងនឹងនៅតែជា អ្នកទទួលបានជ័យជម្នះ ហើយខ្ញុំគិតថារកនឹកដាក់ឈ្មោះថ្មីឱ្យ CNN ពីសារព័ត៌មានក្លែងក្លាយ (Fake News CNN) ទៅជាសារព័ត៌មានបោកប្រាស់ (Fraud News CNN)​»

គួរបញ្ជាក់ថា ការលើកឡើងខាងលើរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងបន្ទាប់ពីស្ថានីយ៍ទូរទស្សន៍ CNN ​កាលពីថ្ងៃទី២៤ ខែមិថុនា បានចុះផ្សាយអត្ថបទព័ត៌មាន មួយដែលនិយាយថា គណៈកម្មាធិការស៊ើបអង្កេតសភាអាមេរិក បាននិងកំពុងស៊ើបអង្កេតទាក់ទិននឹង ជំនួបរវាងមនុស្សជំនិតម្នាក់របស់លោក ត្រាំ គឺលោក Anthony Scaramucci ជាមួយនឹងនាយក ប្រតិបត្តិមូលនិធិ Russian Direct Investment Fund លោក Kirill Dmitriev៕