(វ៉ាស៊ីនតោន)៖ នាពេលថ្មីៗនេះប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានផ្ទុះសង្រ្គាមពាក្យសម្តីជាមួយពិធីករ និងពិធីករិនីចំនួនពីររូបរបស់ ស្ថានីយ​ទូរទស្សន៍ MSNBC ហើយក្នុងថ្ងៃសៅរ៍សប្តាហ៍នេះលោក ត្រាំ ក៏បានបន្តសង្រ្គាមពាក្យសម្តីនេះ នៅលើបណ្តាញទំនាក់ទំនងសង្គម Twitter តទៀត ដោយ​បានហៅលោក Joe Scarborough ថាជាមនុស្សឆ្កួត និងលោកស្រី Mika Brzezinski ថាជាមនុស្សល្ងង់ដូចដុំថ្ម ទោះបី​ជាមានការរិះគន់ និងទាមទារឲ្យបញ្ឈប់ទង្វើដូចកូនក្មេងនេះ យ៉ាងណាក៏ដោយ។ នេះបើតាមការចេញផ្សាយដោយស្ថានីយទូរទស្សន៍ CNN នៅយប់ថ្ងៃសៅរ៍ ទី០១ ខែកក្កដា ឆ្នាំ២០១៧។

លោកប្រធានាធិបតីសហរដ្ឋអាមេរិក បានទទួលរងការរិះគន់យ៉ាងខ្លាំង សូម្បីតែពីក្រុមអ្នកតំណាងរាស្រ្តមួយចំនួន​ មកពីគណបក្សសាធារណរដ្ឋដែលជាបក្សរបស់លោក ដូណាល់ ត្រាំ។ ពួកគេបានទាមទារឲ្យលោក ត្រាំ បញ្ឈប់ការវាយប្រហារពាក្យសម្តី​បែប​នេះ ទៅលើពិធីករពិធីការិនីទាំងពីររូបតទៀតទៅ ហើយមួយចំនួនទៀតបានលើកឡើងថា ពាក្យពេចន៍វាយប្រហារនៅលើ Twitter របស់លោក​ ដូណាល់ ត្រាំ ហាក់មិនសមរម្យនោះឡើយសម្រាប់មេដឹកនាំប្រទេស។

សូមជំរាបថា បញ្ហាទាស់ទែងពាក្យសម្តីនេះ បានកើតឡើងបន្ទាប់ពីលោក Scarborough រួមជាមួយនិងដៃគូគឺលោកស្រី Brzezinski បាន​​និយាយមិនល្អពាក់ព័ន្ធនឹងលោក ដូណាល់ ត្រាំ នៅក្នុងកម្មវិធីស្តីពីវិស័យនយោបាយដ៏ល្បីល្បាញមួយមានឈ្មោះថា Morning Joe របស់​​ស្ថានីយទូរទស្សន៍ MSNBC៕